ស្នាដៃសិល្បៈជ័រផ្លាស្ទិកដាក់បង្ហាញនៅទីក្រុងប៉ារីស
ប៉ារីស៖ ក្រុមការងារនៃអង្គការការពារបរិស្ថាន Greenpeace បានបង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យមួយនៅទីក្រុងប៉ារីស នៅថ្ងៃសៅរ៍នេះ ក្នុងទម្រង់ជាម៉ាស៊ីនក្រឡុកដបនៅពីមុខធុងប្រេង ស្របពេលមានកិច្ចពិភាក្សាស្តីពីការលុបបំបាត់កាកសំណល់ប្លាស្ទិក។
វិចិត្រករជនជាតិកាណាដា លោក Benjamin Von Wong បាននិយាយថា ការងារច្នៃប្រឌិតមានកម្ពស់ ៥ម៉ែត្ររបស់គាត់នៅទន្លេ សែន បានបង្ហាញពីទំនាក់ទំនងរវាងឥន្ធនៈហ្វូស៊ីល និងការបំពុលប្លាស្ទិក ដែលអាចកើនឡើងបីដងក្នុងរយៈពេល ៤ទសវត្សរ៍ខាងមុខ។ យើងសង្ឃឹមថា ម៉ាស៊ីននេះនឹងបម្រើជាការរំលឹក និងមិនអាចបំភ្លេចបាន អំពីភាពបន្ទាន់នៃបញ្ហានេះ។
រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី កាត់តេរីន កូលូនណា បានបញ្ជាក់នៅលើបណ្តាញសង្គមនៅថ្ងៃសៅរ៍នេះ ដោយដកស្រង់ប្រភពពីអង្គការសហប្រជាជាតិថា ប្រសិនបើយើងមិនធ្វើសកម្មភាពនៅឆ្នាំ ២០៥០ ទេ នោះនឹងមានប្លាស្ទិកច្រើនជាងត្រីនៅក្នុងមហាសមុទ្រ។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បាននិយាយកាលពីឆ្នាំមុនថា កាកសំណល់ប្លាស្ទិកសកលអាចនឹងកើនឡើងបីដងនៅឆ្នាំ ២០៦០។ ប៉ុន្តែកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បាននិយាយនៅខែនេះថា ប្រទេសនានាអាចកាត់បន្ថយកាកសំណល់ប្លាស្ទិកបាន ៨០ភាគរយនៅឆ្នាំ ២០៤០ ដោយប្រើបច្ចេកវិទ្យាដែលមានស្រាប់ និងការផ្លាស់ប្តូរគោលនយោបាយជាចម្បង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា