នាយករដ្ឋមន្រ្តីជប៉ុនចង់ជួបចរចាដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាក្នុងកម្រិតខ្ពស់ជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ជំរិតកាលពីអំឡុងទសវត្សរ៍កន្លងទៅ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃសៅរ៍នេះ បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយសាច់ញាតិរបស់អ្នកដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើងថា វាពិតជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងណាស់ ដែលគ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ជំរិត បានវិលត្រឡប់មកកាន់ប្រទេសជប៉ុនវិញ ចាប់តាំងពីឆ្នាំ ២០០២។

ជាមួយគ្នានេះ លោក គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការវិលត្រឡប់មកវិញ នៃអ្នកដែលត្រូវបានចាប់ជំរិតទាំងអស់ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ នាឱកាសនោះដែរ លោក គីស៊ីដា បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់គាត់ ក្នុងការជួបចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន។

លោកថា កាលណាស្ថានការណ៍បច្ចុប្បន្នបន្តកាន់តែយូរ វាអាចក្លាយទៅជាការលំបាក ក្នុងការបង្កើតទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងជប៉ុន និងកូរ៉េខាងជើង។
យោងតាមរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋជប៉ុនចំនួន ១៧នាក់ត្រូវបានភ្នាក់ងារកូរ៉េខាងជើងចាប់ជំរិតក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។

ហើយក្នុងចំណោមពួកគេ មានមនុស្ស ៥នាក់ប៉ុណ្ណោះបានវិលត្រឡប់មកកាន់ប្រទេសជប៉ុនវិញក្នុងឆ្នាំ ២០០២ ប៉ុន្តែមនុស្ស ១២នាក់ផ្សេងទៀតនៅតែមិនវិលត្រឡប់មកវិញនៅឡើយទេ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner