ឯកឧត្តម សុខ លូ ជំរុញឲ្យម្ចាស់អនុវត្តគម្រោងកែលម្អច្រាំងស្ទឹងសង្កែ ខិតខំពន្លឿនការងារ សម្រេចតាមផែនការ

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីវឌ្ឍនភាពការងារក្នុងការអនុវត្តគម្រោងកែលម្អសោភ័ណភាពនានា នៅក្នុងក្រុងបាត់ដំបង ដូចជា ៖ ពិនិត្យមើលការសាងសង់កែលម្អនូវច្រាំងស្ទឹងសង្កែ នៅត្រើយខាងកើត, ពិនិត្យមើលគម្រោងសាងសង់សួនច្បារថ្មី នៅចំណុច “សួននាគសន្តិភាព”និងពិនិត្យមើលសំណង់វិមានឯករាជ្យ ដែលគ្រោងបញ្ចប់ខាងមុខឆាប់ៗនេះ ។

ការចុះពិនិត្យមើលនេះ ដើម្បីបន្តមើលការកែលម្អសោភ័ណភាពក្នុងក្រុងបាត់ដំបងដោយបានណែនាំជម្រុញ ដល់ក្រុមការងារទទួលខុសត្រូវ ក្នុងការអនុវត្តគម្រោងសំខាន់ៗខាងលើឲ្យបន្តខិតខំយកចិត្តទុកដាក់ អនុវត្តគម្រោងរបស់ខ្លួនតាមផែនការនៃការងារឲ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាត្រូវឲ្យឆ្លើយតបតាមផែនការ ដែលបានឯកភាពជាមួយនិងអាជ្ញាធរខេត្តកន្លងមក ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំឭកដល់ក្រុមហ៊ុនទទួលខុសត្រូវធ្វើការកែលម្អរៀបចំសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ហើយក្រុមការងារត្រូវកែសម្រួលផ្លូវ និងសម្អាតនៅជុំវិញបរិវេណវិមានឯករាជ្យ ដោយត្រូវខិតខំពន្លឿនការងារទាំងនោះ ឲ្យបានរួចរាល់ជាស្ថាពរ យ៉ាងយូរនៅដើមខែកក្កដាឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ ៕ អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប

ads banner