អេហ្ស៊ីបរកឃើញរោងជាងលាបថ្នាំមនុស្ស និងសត្វ រួមទាំងផ្នូរខ្មោចបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ

គែរ៖ ក្រុមអ្នកបុរាណវត្ថុវិទូនៅក្នុងប្រទេសអេហ្ស៊ីប ទើបរកឃើញរោងជាងសម្រាប់លាបថ្នាំមនុស្ស និងសត្វ ក៏ដូចជាផ្នូរចំនួនពីរដែលត្រូវបានរកឃើញនៅតំបន់ Saqqara necropolis ភាគខាងត្បូងនៃទីក្រុងគែរ។

កន្លែងបញ្ចុះសពដ៏ធំនៅរដ្ឋធានី Memphis នៃប្រទេសអេហ្ស៊ីបបុរាណ គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាបណ្តុំផ្ទះរបស់ប្រាសាទពីរ៉ាមីត ផ្នូរសត្វ និងវិហារគ្រឹស្ត Coptic ចាស់ៗជាច្រើនកន្លែង។ ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញបន្ទប់ជាច្រើន ដែលបំពាក់ដោយគ្រែថ្ម ជាទីដែលអ្នកស្លាប់ត្រូវបានគេដាក់នៅលើនោះ ដើម្បីរុំខ្លួនធ្វើជាសាកសពមុំាមី។

ការរកឃើញនេះដែរ ក៏រួមបញ្ចូលទាំងផ្នូររបស់បូជាចារ្យពីរនាក់ ដែលមានអាយុកាលតាំងពីសតវត្សទី ១៤ និងទី ២៤ មុនគ.សផងដែរ។ ប្រទេសអេហ្ស៊ីបបានបង្ហាញពីការរកឃើញវត្ថុបុរាណសំខាន់ៗជាច្រើននៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ របកគំហើញទាំងនោះ គឺជាធាតុផ្សំដ៏សំខាន់នៃការប៉ុនប៉ងរបស់ប្រទេសអេហ្ស៊ីប ក្នុងការស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប លោក Ahmed Issa បាននិយាយថា ថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តមួយ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការស្រូបទាញអ្នកទេសចរក្នុងអត្រាពី ២៥ ទៅ ៣០ភាគរយក្នុងមួយឆ្នាំ។

ប្រទេសអេហ្ស៊ីបមានបំណងទាក់ទាញភ្ញៀវទេសចរចំនួន ៣០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៨ កើនឡើងពី ១៣លាននាក់ មុនពេលផ្ទុះជំងឺកូវីដ១៩។ រតនៈសម្បត្តិនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអេហ្ស៊ីប គឺការបើកសម្ពោធសារមន្ទីរ Grand Egyptian ដែលពន្យារពេលយូរមកហើយ ដែលមានទីតាំងស្ថិតនៅជើងភ្នំពីរ៉ាមីតក្នុងតំបន់ Giza៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner