ឯកឧត្តម អ៊ាង សុផល្លែត៖ ខ្មែរសាគ្គីខ្មែរខ្លាំង ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរមានឱកាសខ្មែរអាចធ្វើបាន និងទទួលបានជោគជ័យ

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារក៏ដូចជាសមិទ្ធផលនានាដែលក្រុមការងារបានបំពេញនិងផ្តល់ជូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដែលជាតម្រូវការចាំបាច់ និងបន្ទាន់របស់ពួកគាត់។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញឲ្យប្រជាពលរដ្ឋ បន្តរក្សាស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ កុំរើសអើងខ្មែរគ្នាឯង ដោយបានលើកឡើងថា ខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរមានឱកាសខ្មែរអាចធ្វើបាននិងទទួលបានជោគជ័យ ជាក់ស្តែងក្នុងការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមេដាយមាសចំនួន ៨១ ជាជោគជ័យដ៏ត្រចេះត្រចង់ជាប្រវត្តិសាស្ត្រ ដែលកើតចេញផ្លែផ្កាសន្តិភាព និងការអភិវឌ្ឍន៍ បានផ្តល់ឱកាសឱ្យកីឡាករទទួលបានការហ្វឹកហាត់គ្រប់គ្រាន់ ទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ជាពិសេសការគាំទ្ររបស់ប្រជាពលរដ្ឋរបស់យើងទាំង១៧លានដែលជាកម្លាំងចិត្តផ្តល់នូវថាមពលដល់មហិមាដល់កីឡាករយើងឱ្យទទួលបានជោគជ័យ។

ឯកឧត្តម បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តផ្តល់ឱកាសខ្លួនឯង និងក្មេងៗជំនាន់ក្រោយ តាមរយៈការចូលរួមការពាររក្សាសន្តិភាព អនុវត្តលទ្ធិប្រជាធិបតេយ្យចូលរួមបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបានបន្តអនុវត្តគោលយោបាយរបស់ខ្លួនក្នុងរក្សាសុខសន្តិភាព ការអភិវឌ្ឍ ដែលដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿង។

សូមបញ្ជាក់ផងដែរថា កម្មវិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅ៤ទីតាំង ក្នុងនោះពេលព្រឹកនៅក្នុងមូលដ្ឋានឃុំចកចំនួន២ទីតាំងមានប្រជាពលរដ្ឋចូលរួមចំនួន៤ភូមិ (ភូមិជំពូ ភូមិជ្រោយផ្អុង ភូមិត្រពាំងទា និងភូមិស្រឡុង) ហើយពេលរសៀលនៅមូលដ្ឋានឃុំដំរិលចំនួន២ទីតាំងមានប្រជាពលរដ្ឋចំនួន១០ភូមិចូលរួម (ភូមិសំរោង ភូមិពើក ភូមិសំស្មែរ ភូមិប្រឡាយ ភូមិដំរិលទី១ ភូមិដំរិលទី២ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិសង្កែរ និងភូមិជ្រៃសុខុម) ៕ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner