សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីជិត ៣០០នាក់ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចតេជោ ហ៊ុន សែន ខណៈរដូវវស្សាមកដល់

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិការ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់ ។

ថវិការនិងសម្ភារៈទាំងនេះត្រូវបានលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នារសៀលថ្ងៃអាទិត្យទី២៨ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្តី បានឱ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៩នាក់បានទទួល អាវភ្លៀង មី និង ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ ។ អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន ៥ម៉ឺនរៀល និងមី ១កេស ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤-៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner