ថៃទទួលបានភ្ញៀវទេសចរចិនជាង១លាននាក់ គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភា
បាងកក៖ មន្រ្តីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃទទួលបានភ្ញៀវទេសចរចិនមួយលាននាក់ នៅចន្លោះខែមករា រហូតដល់ថ្ងៃទី១៨ ខែឧសភានេះ ពោលគឺបន្ទាប់ពីព្រំដែនរបស់ប្រទេសចិនបើកឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានូចា បួរ៉ាផាឆៃស្រ៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលថៃរំពឹងថា ចំនួនភ្ញៀវទេសចរចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន ៥លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន ៤៤៦ពាន់លានបាត ឬប្រហែល១៣.១៨ពាន់លានដុល្លារ។
សេដ្ឋកិច្ចប្រទេសធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី១ ដែលត្រូវបានជំរុញដោយវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់។ បើយោងតាមរដ្ឋាភិបាលថៃ ភ្ញៀវទេសចរបរទេសសរុបមានចំនួន ៩.៤៧លាននាក់បានធ្វើដំណើរមកកាន់ប្រទេសថៃ គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែឧសភានេះ បើធៀបនឹងចំនួនភ្ញៀវទេសចរសរុប ១១.១៥លាននាក់ក្នុងឆ្នាំ ២០២២។
សូមរម្លឹកផងដែរថា កាលពីឆ្នាំមុន ភ្ញៀវទេសចរចិនប្រហែល ២៧៤,០០០នាក់បានទៅលេងកំសាន្តប្រទេសថៃ បើធៀបនឹង១១លាននាក់ នៅមុនពេលផ្ទុះជំងឹរាតត្បាតកូវីដ១៩ក្នុងឆ្នាំ ២០១៩ ឬប្រហែល ២៨ភាគរយនៃចំនួនសរុប៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា
