ចំរាញ់បានក្រុមបាល់ទាត់ខ្លាំង ៦ប្រភេទ នៅរាធានីភ្នំពេញ ក្នុងពានរង្វាន់បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបាលទាត់កុមារនិងយុវជន AIA – ISF Youth League សម្រាប់រាជធានីភ្នំពេញដែលមានក្រុមបាល់ទាត់ចូលរួមសរុប៧៥ក្រុមបានបញ្ចប់ហើយ នាព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៣ ដោយចំរាញ់បានក្រុមបាលទាត់កុមារនិងយុវជនខ្លាំងចំនួន៦ក្រុមលើ៦ប្រភេទអាយុ ដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship Leagueនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២៣ជាមួយក្រុមខ្លាំងដែលចំរាញ់បានពីខេត្ត កំពង់ធំ។

លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែង លើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth Leagueដែលអង្គការផ្កាយសមុទ្របានរៀបចំនេះមានការរីកចំរើនខ្លាំង គឺចាប់ផ្តើមដំបូងពីជាង១០ក្រុមរហូតពេលនេះមានរហូតដល់ជាង១០០ក្រុមសម្រាប់ការប្រកួតនៅរាជធានីភ្នំពេញនិងខេត្ត កំពង់ធំ។ លោក ស្រី បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតនេះគាំទ្រឧបត្ថម្ភ ដោយក្រុមហ៊ុន ធានារ៉ាប់រង អេ អាយ អេ ខេមបូឌា ក្នុងគោលបំណងជួយឲ្យពួកគេអាចរកឃើញក្តីស្រមៃក្នុងជីវិត និងពង្រឹងជំនាញផ្សេងៗនៅលើទីលាន ពិសេស ការប្រកួតបាល់ទាត់វិលជុំមួយនេះ គឺជាពន្លកនៃក្តីសង្ឃឹមថ្មីសម្រាប់កុមារកម្ពុជាជាច្រើន ដែលបាត់បង់ឱកាសដោយជួយពួកគេសម្រេចបំណងប្រាថ្នារបស់ខ្លួន និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងជីវិត ។

លោក ឆែម សារ៉ា តំណាងក្រុមហ៊ុនអេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា ពួកយើងពិតជាមាន កិត្តិយសយ៉ាងធំធេង ដែលបានចាប់ដៃសហការគាំទ្រឧបត្ថម្ភអង្គការផ្កាយសមុទ្ររៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនតាំងពីឆ្នាំ២០១៧មានរយៈពេល៦ឆ្នាំហើយ ។ការគាំទ្រឧបត្ថម្ភនេះ ក្នុងគោលដៅបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការនីទាំងអស់នេះ ។ ការប្រកួតនេះមិនត្រឹមតែបានផ្តល់ឱកាសឲ្យកុមារ និងយុវជនពង្រឹងជំនាញបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានជួយពួកគេក្នុងការអភិវឌ្ឍជំនាញធ្វើការងារជាក្រុម មានភាពធន់ទ្រាំ និងការតាំងចិត្ត ខ្ពស់ទៀតផង ។

សូមបញ្ជាក់ផងដែរថា ក្រុមជើងខ្លាំង ដែលឈ្នះប្រចាំរាជធានីភ្នំពេញ និងខេត្តកំពង់ធំនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ ដោយមានការចូលរួមពី កីឡាករកីឡាការនីដ៏មានទេពកោសល្យជាច្រើនមកពីតំបន់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ និងមកប្រកួតដណ្តើមយកជ័យជំនះនៅកីឡដ្ឋាន AIA Stadium, KMH Park ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner