កសិករម្នាក់នៅខេត្តក្រចេះចិញ្ចឹមមាន់ដោយប្រើ«អគ្គិសនីកសិកម្ម»ទទួលបានផលចំណេញទ្វេរដង
ក្រចេះ៖ អគ្គិសនីគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយ ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដោយសារវាជាកត្តាចម្បងនៃការកំណត់ថ្លៃដើមក្នុងការផលិតរបស់កសិករ។ អគ្គិសនីក្នុងវិស័យកសិកម្ម បើគេគិតត្រឹមរបរចិញ្ចឹមសត្វតែមួយមុខ កសិករទូទាំងប្រទេស ត្រូវចំណាយភ្លើងអស់ប្រមាណ ១២លាន គីឡូវ៉ាត់ម៉ោង ដែលស្មើនឹងរង្វង់ទឹកប្រាក់ប្រមាណពីរលាន ដុល្លារអាមេរិកក្នុងមួយខែ។
កន្លងមក ដើម្បីចូលរួមលើកទឹកចិត្តដល់កសិករ ឬលើកកម្ពស់ផលិតភាពកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអគ្គិសនីកម្ពុជា ក៏បានដាក់ឱ្យអនុវត្តគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនៅក្នុងវិស័យកសិកម្ម ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចាប់តាំងពីឆ្នាំ២០២១មក។

ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់កសិកម្មមួយកន្លែង លោក សាង ហ៊ុយទៀង បានប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម (អគ្គិសនីរដ្ឋ) ឬអគ្គិសនីកសិកម្ម បានឱ្យដឹងថា គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីនេះ ធ្វើឱ្យគាត់ចំណេញថវិកាប្រហែលពាក់កណ្តាល។
លោក ហ៊ុយទៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជាលក្ខណៈពាណិជ្ជកម្ម បានរៀបរាប់ឱ្យដឹងថា កសិដ្ឋានរបស់លោកចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានរោងមាន់ចំនួន ២រោង។ លោកថា ដោយសារគ្រានោះលោកប្រើភ្លើងអគ្គិសនីធម្មតា មិនមែនជាអគ្គិសនីកសិកម្មការចំណាយរបស់លោកមានកម្រិតខ្ពស់ ពោលគឺត្រូវចំណាយលើភ្លើងក្នុង ១ខែចន្លោះពី ៤០ម៉ឺន ទៅ ៥០ម៉ឺនរៀល។
លោក សាង ហ៊ុយទៀង បានបន្តថា ៖ «ខ្ញុំចាប់ផ្ដើមស្គាល់គម្រោងអគ្គិសនីសម្រាប់កសិកម្ម នាដើមឆ្នាំ ២០២៣នេះ ហើយពេលយើងស្នើសុំគេដាក់ភ្លើងកសិកម្ម គេចុះមកមើលថាយើងប្រើប្រាស់ភ្លើងលើអីខ្លះ ការប្រើប្រាស់យើងហ្នឹងតើត្រូវស្តង់ដារអត់ ហើយបើភ្លើងនោះយើងប្រើផ្ទាល់ខ្លួនក៏គេអត់ឲ្យដែរ ព្រោះភ្លើងកសិកម្មហ្នឹង ភ្លើងដែលសល់ពីការប្រើពេលថ្ងៃ ព្រោះពីព្រឹកដល់ល្ងាច មានអ្នកប្រើប្រាស់ភ្លើងខ្លាំង អីចឹងយើងប្រើអត់គ្រប់ ដែលត្រូវទិញភ្លើងឯកជនមកបន្ថែមទៀត»។

លោកបន្តបញ្ជាក់ឱ្យដឹងថា ៖ «ដល់ពេលអីចឹង រដ្ឋគេសម្រេចឲ្យយើងប្រើក្នុងចន្លោះម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ព្រោះពេលវេលានេះ មិនសូវមានអ្នកប្រើភ្លើង អីចឹងវាសល់ភ្លើងច្រើន នេះជាវិធីល្អ យើងក៏ចំណេញ រដ្ឋក៏ចំណេញ បើយើងអត់ប្រើពេលយប់នេះទេ ក៏វាសល់ចោលដែរ»។
ជុំវិញការប្រើប្រាស់ប្រើអគ្គិសនីទូទៅ និងអគ្គិសនីកសិកម្ម លោក សាង ហ៊ុយទៀង បានប្រៀបធៀបថា លោកចំណេញជាងមុនទ្វេរដង ហើយថ្លៃដើមក្នុងការផលិតទាបជាងមុន ឬចំណេញច្រើនជាងមុន។
លោកបញ្ជាក់ទៀតថា ៖ «កាលមុនតែ២រោងទេ ចំណាយអស់៤០ ទៅ៥០ម៉ឺនរៀល តែឥឡូវបួនរោងចំណាយអស់ត្រឹមតែ ៣០ ទៅ៤០ម៉ឺនរៀលប៉ុណ្ណោះ ហើយក្រៅពីចិញ្ចឹមមាន់ ខ្ញុំប្រើលើការដាំដំណាំផ្សេងទៀតដែរ ដាំដំណាំកសិកម្ម ដំណាំឈើហូបផ្លែ តែនៅជាលក្ខណៈគ្រួសារនៅឡើយទេ ដោយសារទើបតែដាំមិនទាន់បានផលច្រើននោះទេ»។
ទោះត្រូវក្រោកពីព្រលឹម តែកសិកររូបនេះ និយាយថាវាមិនមានអ្វីលំបាកទេ ព្រោះការងារនេះលោកត្រូវធ្វើទាំងយប់ទាំងថ្ងៃ មុនពេលប្រើគម្រោងអគ្គិសនីកសិកម្មនេះទៅទៀត។ លោកឧទាហរណ៍ចំពោះការចិញ្ចឹមមាន់ថា ជារឿងធម្មតាដែលកសិករត្រូវងើបរៀងរាល់ម៉ោង២យប់ មកមើលមាន់ ហើយបើត្រូវក្រោកមកម្ដងទៀតនៅម៉ោង ៥ ក៏មិនពិបាកអីពេកដែរ។

លោក សាង ហ៊ុយទៀង ក៏បានឱ្យដឹងថា ទាំងលោក និងកសិករនៅក្នុងតំបន់ចូលរួមប្រើច្រើនចាប់តាំងពីក្រសួងប្រកាសមករាជធានីខេត្ត ពោលគឺមកមន្ទីរខេត្តរបស់លោក ដោយសារគោលនយោបាយនេះ ចំណេញច្រើន។
ក្រោយប្រើប្រាស់ ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម (អគ្គិសនីរដ្ឋ) បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមមាន់ ដែលមានរោងចំនួន៤ និងមាន់សរុបចំនួន ២៦.០០០ក្បាល ដែលអាចរកចំណូលពីការចិញ្ចឹមមាន់បានចន្លោះពី ២៨លានរៀល ទៅ ៣០ លានរៀល ក្នុងមួយឆ្នាំ។
គួរជម្រាបថា ដើម្បីទទួលការអនុគ្រោះថ្លៃអគ្គិសនី ឬការប្រើប្រាស់អគ្គិសនីកសិកម្មនេះ រូបវន្តបុគ្គល ឬកសិករ ចាំបាច់គ្រាន់តែស្នើសុំទៅកាន់អគ្គិសនីកម្ពុជា ឬសេវាករឯកជន និងប្រាប់ពីមូលហេតុនៃការចង់បានថ្លៃអនុគ្រោះអគ្គិសនីតែប៉ុណ្ណោះ។
ចំណែកឯសហគមន៍កសិកម្ម ត្រូវចាត់តំណាងមួយទៅដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជា ឬសេវាករឯកជនក្នុងតំបន់ ដោយមានទទួលស្គាល់ និងឯកភាពពីអាជ្ញាធរមូលដ្ឋានផងដែរ៕

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ