ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ៖ ការចូលជាសមាជិកបក្សប្រជាជន របស់ពលករខ្មែរនៅថៃ ជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ

បាងកក៖ គណបក្សប្រជាជនកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មី ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។

ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកបក្សបន្ថែម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកគណបក្ស រួមចំណែកសម្រេចឱ្យបាននូវជោគជ័យក្នុងការបោះឆ្នោត និងសមិទ្ធផលជូនជាតិកម្ពុជាតទៅមុខទៀត។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងយកការអភិវឌ្ឍប្រទេសជាតិ ការការពារសន្តិភាព និងលើកស្ទួយសុខមាលភាពរបស់ប្រជាជន ខុសពីគណបក្សមួយចំនួនដែលប្រើនយោបាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុទបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនឡើយ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ សន្តិភាព ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅទៀតប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិតបានចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។ «សន្តិភាព ស្ថិរភាព ជាសមិទ្ធផលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានផ្ដាំផ្ញើពលករខ្មែរនៅប្រទេសថៃដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអ្នកដែលពុំអាចទៅបានសូមជួយអំពាវនាវដល់សាច់ញាតិ មិត្តភក្តិ អ្នកស្រុកអ្នកភូមិបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះបន្តទៀត៕ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner