វិស័យឯកជន ស្នើដល់រាជរដ្ឋាភិបាលអនុគ្រោះទៅលើពន្ធផ្សេងៗសម្រាប់វិស័យកសិកម្ម

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលគួរសិក្សា និងលើកទឹកចិត្តបន្ថែមដល់ការលើកលែងពន្ធផ្សេងៗ ដើម្បីកាត់បន្ថយថ្លៃដើមក៏ដូចជាទាក់ទាញការវិនិយោគបន្ថែម ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍កសិកម្ម២០២២-២០៣០ របស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំមុន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ដើម្បីអាចកាត់បន្ថយថ្លៃដើម នៅក្នុងវិស័យកសិកម្មបាននិ​ងដើម្បីជាឈ្នាន់ ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសមកវិនិយោគបាន គួរតែសិក្សាបន្ថែមលើការលើកលែងពន្ធ។

លោកបានគូសបញ្ជាក់ថា ៖ «ពន្ធផ្សេងៗដូចជា ពន្ធកាត់ទុក ,ពន្ធ VAT ក៏ដូចជាពន្ធនាំចេញជាដើម ដែលទាំងអស់នេះការលើកទឹកចិ​ត្តបន្ថែមដល់វិនិយោគិន ក្នុងនិងក្រៅស្រុក ឱ្យចាប់អារម្មណ៍វិនិយោគលើវិស័យនេះ។ កន្លងទៅយើងសង្កេតឃើញថា អ្នកមាននៅក្នុងស្រុកយើង មិនសូវវិនិយោគលើវិស័យកសិកម្មនោះទេ ដូច្នេះដើម្បីលើកចិត្តឱ្យគាត់ចូលរួមវិនិយោគនេះ យើងគួរសិក្សាលើបញ្ហាពន្ធនេះ ដែលគួបផ្សំនឹងច្បាប់វិនិយោគថ្មីរបស់យើង ច្បាស់ណាស់ វិស័យកសិកម្ម នឹងកាន់តែមានការវិនិយោគច្រើន»។

«គ្រប់គ្នាតែតែងមានសំនួរថា ហេតុអ្វីបានជាផលិតផលកសិកម្មរបស់យើងមួយចំនួន ដូចជាបន្លែផ្លែឈើត្រីសាច់ ជាដើមមានថ្លៃដើមខ្ពស់ជាងបន្លែផ្លែឈើត្រីសាច់នាំចូល? នេះជាចំណុចសំខាន់ណាស់។ ដូច្នេះដើម្បីយើងរក្សានិរន្តភាព និងកុំឱ្យការនាំចូលផលិតក​សិកម្មពីក្រៅប្រទេសមកកម្ពុជាច្រើនហួសហេតុពេ​ក យើងត្រូវបង្កើនការនាំចេញ ព្រោះថានៅពេលដែលយើងនាំចេញបានច្រើនយើងទ​ទួលបានប្រាក់ចំណេញច្រើន ហើយសម្រាប់ផលិតផលខុសស្តង់ដារមិនអាចនាំចេញបាន យើងអាចលក់ក្នុងស្រុកក្នុងតម្លៃទាបបាន»។ឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែម។

លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាពបន្ថែត្រីសាច់កម្ពុជា បានប្រាប់​ឱ្យដឹងថា​ ការលើកទឹកចិត្តបន្ថែម លើបញ្ហាពន្ធ ជាចំ​ណែ​កមួយក្នុងការកាត់បន្ថយការនាំចូលបាន ជាពិសេសផលិតសម្រាប់បរិភោគ ដែលកម្ពុជាផលិតបានដែរ ដូចបន្លែ ត្រី សាច់ និងផ្លែឈើ​​ជាដើម។អ្វីដែលយើងតែងតែព្រួយបារម្ភចំពោះផលិតផលនាំចូល គឺ​គុណភាព និងសុវត្ថិភាព ព្រោះយើងមិនដឹងប្រភពច្បា​ស់លាស់ ហើយក៏ពិបាកដឹងថា ផលិតផលទាំងនោះប្រើប្រាស់គីមីច្រើនកម្រិតណាដែរ។ វាជា​រឿងធម្មតា សម្រាប់ការចេញនាំចូលរ​បស់ប្រទេសមួយ ព្រោះយើងជាសមាជិកWTO តែអ្វីយើងចង់បាន គឺការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ចៀសវាងធ្វើឱ្យប៉ះពាល់ដ​ល់សុខភាពប្រជាជនយើង។

ចំពោះការស្នើសុំនេះដែរ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខ សេនសាន បានប្រាប់ឱ្យដឹងថា ក្រសួងបាននិងកំពុងគិតគូរ​លើបញ្ហានេះដែរ ប៉ុន្តែលោកត្រូវការពេលវេលាដើម្បីពិភាក្សាជាមួយមន្រ្តីជំនាញសិន មុននឹងប្រាប់លម្អិតលើបញ្ហានេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត នៅក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមស​ហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ដើម្បីគាំទ្រ​ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអ​នុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដូចជា ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាព ជាដើម។

ឯកឧត្តមបានបន្តថា លើសពីនេះ ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជ​នបទ និងកសិកម្ម, ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ​ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ, ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកំណត់យកការអ​ភិវឌ្ឍធុរកិច្ចថ្មីៗ ជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន។

ឯកឧត្តម  ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍ ​អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ ដោយគាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ,​ វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន និងកត្តានៃ​ការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់»៕

ដោយ៖វណ្ណ សុជាតា

ads banner