លោក ពូទីន សាទរលោក អឺដូហ្កាន់ ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតីតួកគី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ ដែលបានឈ្នះអាណត្តិទីបី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងការបោះឆ្នោតប្រធានាធិបតីតួកគី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ជ័យជម្នះរបស់លោក អឺដូហ្កាន់ នៅក្នុងការបោះឆ្នោត គឺជាលទ្ធផលធម្មជាតិនៃការងារ ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ក្នុងនាមជាប្រមុខដឹកនាំប្រទេសតួកគី។

លោក ពូទីន បន្តថា វាជាភស្តុតាងច្បាស់លាស់នៃការគាំទ្ររបស់ប្រជាជនតួកគី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក អឺដូហ្កាន់ ក្នុងការពង្រឹងអធិបតេយ្យភាពរដ្ឋ និងបន្តគោលនយោបាយការបរទេសឯករាជ្យ។ លោក ពូទីន បន្ថែមថា យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់លោក អឺដូហ្កាន់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី-តួកគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោក អឺដូហ្កាន់ បានប្រកាសពីជ័យជម្នះកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ក្រោយផ្តួលគូប្រជែងរបស់ខ្លួន គឺលោក កាម៉ាល់ គីលីកដារ៉ូគ្លូ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគី។ ជាមួយនឹងការរាប់សន្លឹកឆ្នោតច្រើនជាង ៩៩ភាគរយ លោក អឺដូហ្កាន់ បាននាំមុខលោក គីលីកដារ៉ូគ្លូ ដោយទទួលបានសម្លេងគាំទ្រ ៥៥.១២ភាគរយ ទល់នឹង ៤៧.៨៨ភាគរយ នេះបើយោងតាមការសរុបចុងក្រោយពីទីភ្នាក់ងារអាណាឌូលូរបស់ប្រទេសតួកគី៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner