អ្នកសេដ្ឋកិច្ច៖ ការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌា នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌាកាន់តែខ្លាំង
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ជាផ្លូវការរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ព្រះរាជទស្សនកិច្ចនេះ គឺតបតាមការសូមយាងរបស់លោកជំទាវប្រធានាធិបតីឥណ្ឌា ស្របពេលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនិងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផងដែរ រួមនឹងកម្មវិធីមួយចំនួនទៀត។
ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រនៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។
ជុំវិញការយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌារបស់ព្រះមហាក្សត្រនៃកម្ពុជានាពេលនេះ លោក គី សេរីវឌ្ឍន៍ អ្នកសា្រវជ្រាវសេដ្ឋកិច្ច និងប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានវាយតម្លៃថា ព្រះរាជទស្សនកិច្ចនេះ នឹងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌាកាន់តែខ្លាំង។ ខណៈឥណ្ឌាត្រូវបានគេដឹងថា ក៏ជាប្រទេសមហាអំណាចមួយ ដែលមានឧស្សាហកម្មរីកចំរើន ប្រជាជនច្រើនជាងគេលើពិភពលោក និងមានកងទ័ពច្រើនថែមទៀត។
លោកបានប្រាប់ថា ៖ «ការរឹតចំណងមិត្តភាពរវាងកម្ពុជា-ឥណ្ឌា នឹងធ្វើឱ្យរីកចំរើនលើវិស័យការទូត វិស័យពាណិជ្ជកម្ម ការរីកចំរើនឥទ្ធិពលលើភូមិសាស្រ្តនយោបាយ ដែលយើងដឹងថាកន្លងមកឥណ្ឌាដែលផលិតនៅឧស្សាហកម្ម ជាច្រើនមកប្រទេសកម្ពុជា»។
លោក គី សេរីវឌ្ឍន៍ បានបន្តថា ៖ «ក្នុងនោះមានដូចជា ម៉ូតូកង់បីឥណ្ឌា ថ្នាំពេទ្យ និងបច្ចេកវិទ្យា និងសេវាកម្មផ្សេងៗ ខណៈកម្ពុជាក៏បាននាំចូលផលិតផល សាច់សត្វមួយចំនួន ដូចជា សាច់គោ និងសាច់ក្របីជាដើម ចឹងទាំងនេះគឺជាការបំពេញតម្រូវការរវាងគ្នាទៅវិញទៅមក និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រជាជនស្ទុះឡើង»។
លើសពីនេះ លោកក៏បានអះអាងដែរថា ខណៈកម្ពុជា ក៏បាននាំចេញផលិផលជាច្រើនទៅកាន់ប្រទេសឥណ្ឌា ដូចជា ឧស្សាហកម្មកាត់ដេរ នាំចេញកង់ និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចមួយចំនួន។ ហេតុនេះ កម្ពុជា នឹងអាចក្លាយជាទីផ្សារដ៏ធំមួយរបស់ឥណ្ឌានាពេលអនាគត ព្រោះតែឥណ្ឌាមានប្រជាជនច្រើនជាងគេរហូតជាង ១ ២០០ លាននាក់ផងដែរ។
សូមបញ្ជាក់ថា ឥណ្ឌា ជាប្រទេសមួយ ដែលមានវប្បធម៌ អរិយធម៌ប្រពៃណី ផ្សព្វផ្សាយស្ទើរគ្រប់ទិសទីទូទាំងពិភពលោក។ ក្នុងនោះកម្ពុជា និងឥណ្ឌាមានវប្បធម៌ជាប់ពាក់ព័ន្ធជាមួយគ្នា ដែលមានប្រវត្តិយូរលង់មកហើយ ហើយបច្ចុប្បន្ននេះឥណ្ឌា ជាមហាប្រទេសនៅអាស៊ីខាងត្បូង មានការរីកចម្រើនលឿនឆាប់រហ័សទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាផងដែរ។
បើតាមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្លាប់បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើងដល់ជិត ៣០០លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ ក្នុងនោះ ការនាំចូលផលលិតផលពីឥណ្ឌាមកកម្ពុជា មានរហូតដល់ទៅជាង១៩០លានដុល្លារអាមេរិក។
ដោយក្នុងនោះ ស្ថានទួតឥណ្ឌា បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌា នៅឆ្នាំ២០២២ មានតម្លៃចំនួន ២៨៩ លានដុល្លារអាមេរិក មានការកើនឡើងបើធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃចំនួន ២៤០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ស្ថានទូតឥណ្ឌា ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា នៅក្នុងឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឥណ្ឌាចំនួន ៥០ កំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើវិស័យអចលនទ្រព្យ ឱសថ ព័ត៌មានវិទ្យា ម៉ូតូកង់បីឥណ្ឌា និងការជីករករ៉ែមាស ជាដើម៕
ដោយ៖បូរ ពេជ្យហ្សាលីន




