លេខរៀងទី១៨របស់គណបក្សប្រជាជនកម្ពុជានៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧គឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជន

ភ្នំពេញ៖លេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ថ្ងៃទី ២៣ខែកក្កដា ខាងមុខសម្រាប់គណបក្សប្រជាជនកម្ពុជាគឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជននិងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។

សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនមានច្រើនអនេកមិនអាចរាប់អស់ឡើយតែយើងសូមលើកតែសមិទ្ធផលសំខាន់លេចធ្លោចំនួន ១៨ ប៉ុណ្ណោះមកបញ្ជាក់៖
១. រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់មានប្រសិទ្ធភាពការប៉ុនប៉ងវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍
២. ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរស់រានមានជីវិតឡើងវិញ
៣. កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍
៤. ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជននិងគោរពច្បាប់
៥. បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ និងនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម
៦. ថែរក្សាការពារសន្តិភាព បង្រួមបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបានរឹងមាំ
៧. អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ
៨. កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំក្រោយពេលមានសន្តិភាព, ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម
៩. សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក
១០. ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក
១១. កសាងខឿនការពារជាតិរឹងមាំ, ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ
១២. អភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព, គាំទ្រប្រជាជនក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ
១៣. លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ
១៤. លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន
១៥. លើកកម្ពស់ជីវភាពកម្មករនិយោជិត, ដំឡើងប្រាក់បៀរវត្សរ៍ និងផ្តល់អត្ថប្រយោជន៍នានា
១៦. កសាងខឿនសុខុមាលភាពជូនប្រជាជនប្រឆាំងជំងឺឆ្លង, បង្កើនភាពស៊ាំសហគមន៍ប្រឆាំងជំងឺកូវីដ១៩ យកកម្ពុជាចេញពីជ្រោះមរណៈ
១៧. កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ប្រទេស, ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និង១៨.លើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕ដោយ៖ពលជ័យ

ads banner