កីឡាករ អត្តពលកម្ម មាស សាប៊ុន រំពឹងជោគជ័យនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ អតីតម្ចាស់មេដាយសំរិទ្ធកីឡាបាល់ទះអង្គុយ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា មាស សាប៊ុន បានបង្ហើប ប្រាប់ក្រុមការងារទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ផ្តាច់មុខ នៅកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិមរកតេជោ កាលពីពេលថ្មីៗនេះថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ខ្លួនមានក្តីសង្ឈឹមខ្ពស់នឹងអាចដណ្តើមមេដាយបានក្នុងកម្រិតណាមួយជូនកម្ពុជាបាន ខណៈការហ្វឹកហាត់ត្រៀមខ្លួនបានប្រព្រឹត្តិទៅដោយរលូនជាមួយគ្រូបង្វឹក។

កីឡាករ មាស សាប៊ុន លើកឡើងទៀតថា កក្តាដែលធ្វើឲ្យខ្លួនមានមានក្តីរំពឹងខ្ពស់លើការប្រែងដណ្តើមបានមេដាយជូនជាតិបាន ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ដោយសារតែការប្រកួតរៀបចំនៅកម្ពុជា និងមានការផ្លាស់ប្តូរពីវិញ្ញសាចោលថាសឈរមកលេងវិញ្ញាសាចោលថាសអង្គុយវិញ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានប្រជាជនគាំទ្រច្រើន ធ្វើឲ្យរូបគាត់មានកម្លាំងចិត្តក្នុងការប្រកួតប្រជែង។

កីឡាករជនពិការ មាស សាប៊ុន បច្ចុប្បន្នមានវ័យជាង៤០ឆ្នាំ ដែលមានស្រុក កំណើត នៅ ខេត្ត តាកែវ មានកូននៅក្នុងបន្ទុកចំនួន៣នាក់ ស្រី២និងប្រុស១ ។សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រកួតលើ៣វិញ្ញាសា គឺ ចោលស្នរ ចោដុំដែក និងចោលថាស។

គួររំលឹកថា កីឡាករ មាស សាប៊ុន បានចូលហ្វឹកហាត់ជាកីឡាករជនពិការ ក្នុងឆ្នាំ២០១៣ លើប្រភេទកីឡាបាល់ទះអង្គុយ ហើយក្នុងឆ្នាំ២០១៣ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឈ្នះបានមេដាយសំរិទ្ធ ក្រោយមកបានផ្លាស់ប្តូរមកហាត់អត្តពលកម្មវិញក្នុងឆ្នាំ២០១៧ ដោយសារតែការហ្វឹកហាត់បាល់ទះអង្គុយជាន់ពេលវេលាប្រកបអាជីពការងារ ។ ចាប់តាំងពីឆ្នាំ២០១៧មក ការផ្លាស់ប្តូរមកកាន់វិញ្ញសាថ្មីអត្តពលកម្មនេះ មាស សាប៊ុន ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ២លើ ពុំទាន់ដណ្តើមបានមេដាយនៅឡើយនោះទេ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ រូបគាត់រំពឹងខ្ពស់ដណ្តើមបានមេដាយជូនជាតិនិងក្រុមគ្រួសារ៕

អត្ថបទ៖ ជាវ ចន្ធូ