រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ

ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្រ្តី រួមសហការជាមួយ វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា (IIRR Cambodia) រួមគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារ ជូនដល់មន្រី្តរាជការក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងសមាគមកសិករ ចំនួន ៣០រូប នៅថ្ងៃទី២៩ ខែឧសភា នាសណ្ឋាគារ Sun and Moon នារាជធានីភ្នំពេញ។

លោក ឱ ធី នាយកវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា បានជម្រាបជូនថា សិក្ខាសាលានេះ គឺជាផ្តោតសំខាន់ទៅលើគោលគំនិតជាមូលដ្ឋាននៃប្រព័ន្ធស្បៀង សិទ្ធិទទួលបានស្បៀងអាហារតាមរយៈសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកសិករ និងប្រជាជនផ្សេងទៀតដែលរស់នៅក្នុងតំបន់ជនបទ ព្រមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្តនៃប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ។ សិក្ខាសាលា ក៏បានពិនិត្យ និងពិភាក្សាស៊ីជម្រៅផងដែរ អំពីបរិបទជាក់លាក់នៃប្រព័ន្ធស្បៀងនៅកម្ពុជា។

ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានទទួលស្គាល់សារៈសំខាន់នៃសិទ្ធិទទួលបានអាហារជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនម្នាក់ៗ ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានអាហារដែលមានសុវត្ថិភាព មានគុណភាព និងជីវជាតិគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបបអាហាររបស់ពួកគេ ដូចមានចែងក្នុងលិខិតូបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងជាសមាសធាតុដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម ជា សំណាង បានគូសបញ្ជាក់ថា «ប្រព័ន្ធស្បៀងអាហារនិងសិទ្ធិទទួលបាន មិនមែនសំដៅតែទៅលើការផលិតស្បៀងមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរអំពីការចែកចាយដោយសមធម៌ ការទទួលបានអាហារមានជីវជាតិ និងថ្លៃស្បៀងអាហារសមរម្យ គឺជាសិទ្ធិដែលប្រជាជនទាំងអស់ពេញចិត្ត ដោយមិនគិត ពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ពួកគេឡើយ»។ ដូច្នេះ ឯកឧត្តមបានអំពាវនាវថា «យើងត្រូវដោះស្រាយបញ្ហាខ្ជះខ្ជាយស្បៀងអាហារ និងការខាតបង់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីផលិតកម្ម រហូតដល់ការប្រើប្រាស់លើតុអាហារ។ ដូច្នេះ ចាំបាច់យើងត្រូវរួមគ្នាចូលរួមដល់ការលើកកម្ពស់សន្តិសុខស្បៀង និងសិទ្ធិទទួលបានស្បៀង រួមទាំងជំរុញការយកចិត្តទុកដាក់ឱ្យមានលទ្ធភាពទទួលបានទឹកស្អាត អនាម័យ អាហារមានសារជាតិចិញ្ចឹមរាងកាយ ការថែទាំសុខភាព ការបង្ការ និងដោះស្រាយបញ្ហានានា ការគិតគូរបរិស្ថាន ការការពារជំងឺឆ្លងនានា ការផ្លាស់ប្តូរទម្លាប់ និងឥរិយាទ ជាដើម ។

ឯកឧត្តម បន្តថា ការអនុវត្តប្រព័ន្ធស្តុកទុកស្បៀង ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ឥរិយាបថអ្នកប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រគំនិតផ្តួចផ្តើមដែលបង្វែរអាហារដែលលើសពីតម្រូវការ ទៅឱ្យអ្នកដែលត្រូវការ នោះយើងត្រូវកាត់បន្ថយភាពខ្ជះខ្ជាយស្បៀងអាហារ សំដៅរួមចំណែកធានាថា គ្មានប្រជាជនកម្ពុជាណាម្នាក់មានភាពអត់ឃ្លានឡើយ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក៏បានគូសបញ្ជាក់ថា នៅលើភពផែនដីយើងនេះ ជារៀងរាល់ថ្ងៃមានមនុស្សជាង ៧,២ពាន់លាននាក់ ត្រូវការអាហារបរិភោគ ហើយនៅឆ្នាំ២០៥០ខាងមុខ យ៉ាងហោចណាស់មានមនុស្សជាង២ពាន់លានទៀតនឹងត្រូវការអាហារបរិភោគបន្ថែមទៀត។ ឯកឧត្តម បានចោទសួរថា តើនៅពេលនោះ ពិភពលោកអាចមានអាហារសម្រាប់បរិភោគដូចសព្វថ្ងៃនេះទឿតដែរឬទេ ប្រសិនបើយើងមិនផ្លាស់ប្តូរប្រព័ន្ធស្បៀងរបស់យើង? បច្ចុប្បន្ននេះ ប្រព័ន្ធស្បៀងនៅលើពិភពលោក កំពុងមានបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមាន។

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានខិតខំពង្រឹងយន្តការពហុវិស័យ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា និងការធានាសិទ្ធិទទួលបានស្បៀងអាហារ។ ក្នុងនោះ ទាមទារឱ្យមានវិធីសាស្រ្តពហុភាគី ការប្តេជ្ញាចិត្តរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការ កសាងប្រព័ន្ធស្បៀង ផ្តល់សិទ្ធិអំណាចដល់សហគមន៍ កាត់បន្ថយការខ្ជះខ្ជាយស្បៀងអាហារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាន ក្នុងការទទួលបានស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ដែលជាគ្រឹះសម្រាប់កសាងសហគមន៍ និងប្រទេសជាតិដែលមានសុខភាពល្អ និងការរីកចម្រើនលើគ្រប់វិស័យ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ រាជរដ្ឋាភិបាលនឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ ឬត្រូវបានដកហូតសិទ្ធិជាមូលដ្ឋានក្នុងការទទួលបានស្បៀងអាហារ នោះទ្បើយ”។

សិក្ខាសាលានេះ ជាការសិក្សាឈ្វេងយល់អំពីគោលនយោបាយនានាដែលមានស្រាប់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តន៍ដោយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានស្បៀងអាហាររបស់ប្រជាជន ដោយកំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងដោយមានការចូលរួមពីប្រជាជន ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner