ឯកឧត្តម អ៊ិត សំហេង អំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជានៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព
ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃបានអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខក្សេមក្សាន្ត។
ឯកឧត្តមបានថ្លែងដូចនេះ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា នាទីក្រុងបាងកក ប្រទេសថៃ ក្នុងពិធីទទួលស្វាគមន៍សមាជិកបក្សថ្មីចំនួន ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនផងដែរ។

ឯកឧត្តម អ៊ិត សំហេង បានចាត់ទុកការចូលជាសមាជិកបក្សប្រជាជនរបស់ពលករខ្មែរនៅថៃ និងអតីតសមាជិកបក្សប្រឆាំងជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «ខ្ញុំសូមអំពាវនាវដល់សមាជិកបក្សនៅប្រទេសថៃត្រូវខិតខំការពារសន្តិភាព សាមគ្គីភាព ដើម្បីការរស់នៅរបស់កូនចៅជំនាន់ក្រោយឱ្យបានសុខក្សេមក្សាន្ត កុំឱ្យដូចប្រជាជនជំនាន់មុនរងទុក្ខលំបាកវេទនាដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍»។
ឯកឧត្តមបានបន្តថា សន្តិភាព ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា តស៊ូពលីស្វែងរកបានក្នុងដៃរួចហើយ នៅឡើយតែខិតខំថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅទៀតប៉ុណ្ណោះ។

នាឱកាសនោះដែរឯកឧត្តមក៏បានប្រាប់សមាជិកថ្មីទាំងអស់ថា គណបក្សប្រជាជនកម្ពុជាមិនបោះបង់ពលរដ្ឋរបស់ខ្លួនណាម្នាក់នោះឡើយ មានតែការពារជួយគ្នាទៅវិញទៅមក ហើយខិតខំថែរក្សាសាមគ្គីភាព។
អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន លោក ឱក រតនា បានថ្លែងប្រាប់ពីភាពអសកម្មរបស់គណបក្សប្រឆាំង ដែលគិតពីកេងចំណេញនយោបាយ ប៉ុន្តែនៅពេលពលករមានទុក្ខលំបាក មិនដែលចុះមកជួយ ឬយកចិត្តទុកដាក់ជាមួយពលករនោះឡើយ។
លោកបញ្ជាក់ថា ៖ «យើងសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពជាវិញ ដោយហេតុថាក្រុមការងារដែលចាត់តាំងដោយគណបក្សប្រជាជនតែងចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ពលករដល់ទីតាំងតែម្ដង ដែលនេះជាហេតុផលធ្វើឱ្យពលករបង្កើនការជឿជាក់លើគណបក្សប្រជាជន និងសម្រេចចូលជាសមាជិកតែម្ដង»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ថា រាល់សកម្មភាព និងយកការយកចិត្តទុកដាក់ទៅលើបញ្ហាពលករចំណាកស្រុក ជាតួនាទី និងភារកិច្ចរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ពិសេសពលករធ្វើចំណាកស្រុក។
លោកប្រាប់ថា វាជារឿងមួយដែលល្អបំផុត ដែលរាជរដ្ឋាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងបន្ថែមទៀត ដោយសារតែលោកមើលឃើញព័ត៌មានជាច្រើនជុំវិញការចាប់ខ្លួនពលរដ្ឋខ្មែរ ដែលពួកគាត់ធ្វើចំណាកស្រុកដោយខុសច្បាប់ ជាពិសេសពួកគាត់ទៅធ្វើការមិនមានឯកសារ ឬកិច្ចសន្យាត្រឹមត្រូវនោះ។

លោក ប៉ាវ ស៊ីណា បញ្ជាក់ថា លោកគិតថាកាលដែលរាជរដ្ឋាភិបាលត្រូវចុះជួយ និងយកចិត្តទុកដាក់ទៅលើការបំពេញភាពស្របច្បាប់របស់ពលករយើង ជារឿងមួយល្អមែនទែន ក្នុងនាមយើងជាភាគីសហជីព ដែលតែងតែចង់ឃើញពលករយើងដែលទៅធ្វើការនៅថៃ គឺគាត់ធ្វើការដោយមិនមានភាពភ័យខ្លាច ។ធ្វើការដោយមានសន្តិភាពផ្លូវចិត្ត ហើយក៏មិនបារម្ភអំពីការតាមចាប់ខ្លួន ឬក៏បញ្ឈប់ និងការបណ្ដេញចេញពីការងារឡើយ៕ ដោយ៖ជា សុខនី