ប្រទេសប៉ូឡូញនឹងដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤

អត្ថបទដោយ៖
CPA

វ៉ាសូវី៖ ប្រទេសប៉ូឡូញគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់និយោជិតរហូតដល់ទៅពីរដងក្នុងឆ្នាំ២០២៤ ខាងមុខនេះ​ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជនដែលត្រូវប្រឈមមុខនឹងអត្រាអតិផរណាដែលកំពុងកើនឡើងខ្ពស់។ នេះបើយោ​ងតាមលោកស្រី ម៉ាឡេណា ម៉ាឡាក(Marlena Malag) រដ្ឋមន្ត្រីគោលនយោបាយគ្រួសារ និងសង្គម។

គោលនយោបាយនេះបានលេចរូបរាងឡើងនៅពេលដែលគណបក្សច្បាប់ និងយុត្តិធម៌ (Law and Justice Party) ដែលជាគណបក្សកាន់អំណាច កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៣ នេះ។​

ប៉ុន្មានខែចុងក្រោយនេះ តម្លៃទំនិញចាំបាច់ប្រចាំថ្ងៃបាន និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិផរណានៅក្នុ​ងខែកុម្ភៈបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ។ ជាក់ស្ដែង អត្រាអតិផរណាបានកើនឡើងរហូតដល់ទៅ ១៨,៤ភាគរយ នេះបើធៀបទៅនឹងឆ្នាំមុន។ យ៉ាងណាក៏ដោយ គិតត្រឹមខែមេសា អតិផរណាបានធ្លាក់ចុះពី ១៨,៤ភាគរយមកនៅត្រឹម ១៤,៧ភាគរយ។​

លោកស្រី Malag បាននិយាយថា​ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំខាងមុខនឹងកើនឡើងលើសពី ១០១៥ ដុល្លារស​ហរដ្ឋអាមេរិក» ដោយ​យោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋមួយឈ្មោះថា PAP។

លោកស្រីបានបន្ថែមថា គោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ស្រដៀង​គ្នាទៅនឹង​ឆ្នាំ​២០២៣ ដែរ ពោលគឺនៅឆ្នាំ២០២៤ ​នឹង​ត្រូវ​ដំឡើង​ជា​ពីរ​ដំណាក់កាល ដោយលើកទីមួយចាប់ពីថ្ងៃ​ទី​១ ខែ​មករា និងលើកទីពីរនៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។​

គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញបានធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ទៅ ៨២៩ ដុល្លារក្នុងមួយខែ កាលពីខែមករា ឆ្នាំ២០២៣ មក នឹងធ្វើការដំឡើងដល់ ៨៥៥ ដុល្លារនៅពីខែកក្កដាខាងមុខ។ ដោយឡែក កាល​បរិច្ឆេទ​នៃ​កា​រ​បោះ​ឆ្នោតសភា​ខាងមុខ នៅមិន​ទាន់​មានការ​កំណត់ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែអាចនឹងមិនលើសពី​ខែតុលា ឬ​ខែ​វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះទេ៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Poland to raise minimum wage twice in 2024, minister says

ads banner