នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​និយាយ​ថា ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​​ មិនចាំបាច់ចូលរួមជាមួយគម្រោង BRI នោះទេ

រ៉ូម៖ «ទំនាក់ទំនងល្អជាមួយប្រទេសចិនអាចធ្វើទៅបាន បើទោះបីជាប្រទេសអ៊ីតាលីមិនបានចូលរួមជាផ្នែកមួយនៅក្នុងគម្រោងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬហៅកាត់ថា BRI ក៏ដោយ»។

នេះជាការលើកឡើងរបស់នាយករ​ដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលលោកស្រីបានផ្ដល់បទសម្ភាសន៍មួយ និងបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ពោលគឺក្រោយពេលរដ្ឋាភិបាលរបស់លោកស្រីកំពុងពិចារណាដកខ្លួនចេញពីគម្រោងរបស់ចិនមួយនេះ។​

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយឈ្មោះថា Il Messaggero លោកស្រី Meloni បានបញ្ជាក់ថា ៖ «វាហាក់ដូចជា​លឿនពេកក្នុងការសន្និដ្ឋានថាតើលទ្ធផលនៃការសម្រេចចិត្តរបស់ប្រទេសអ៊ីតាលីក្នុងការនៅបន្តជាផ្នែកមួយនៃគ​ម្រោ​ងដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ នឹងទៅជាយ៉ាងណា»។

យ៉ាងណាក៏ដោយ ការចូលរួមជាផ្នែកមួយនៅក្នុ​ងគម្រោងនេះ បានទទួលរងការរិះគន់ពីសហរដ្ឋអាមេរិក និងប្រទេសបែលហ្ស៊ិកយ៉ាងខ្លាំង។​

លោកស្រី Meloni បានបន្ថែមថា ៖ «យើងបានធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសគឺការសម្រេចចិត្តទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់យើង»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចូលរួមជាមួយគម្រោង BRI រវាងអ៊ីតាលី​ និងចិន នឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៤ ខា​ងមុខនេះ ហើយនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិ លុះត្រាតែភាគីណាមួយបានជូនដំណឹងទៅភាគីម្ខាងទៀតថា ពួកគេនឹងដកខ្លួនចេញ ដោយផ្តល់ការជូនដំណឹងយ៉ាងហោចណាស់ឱ្យបានបីខែមុនថ្ងៃផុតកំណត់។​

កាលពីឆ្នាំមុន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ ពោលគឺមុនពេលដែលលោកស្រីឈ្នះឆ្នោតនៅខែក​ញ្ញា លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីមិនយល់ស្របជាមួយការចូលរួមជាផ្នែកមួយនៃគម្រោងនេះនោះទេ​។ លោកស្រីបានសង្កត់ធ្ងន់ថា ៖ «ខ្ញុំមិនមានឆន្ទៈនយោបាយណាមួយដើម្បីគាំទ្រការពង្រីកឥទ្ធិពលរបស់ចិនមកក្នុងប្រទេសអ៊ីតាលី ឬទ្វីបអឺរ៉ុបទាំងមូលនោះទេ»។​

លោកស្រី Meloni បានកត់សម្គាល់ថា ក្នុងចំណោមប្រទេសប្រ​ជាធិបតេយ្យទាំងប្រាំពីរ (G7)  បើទោះបីជាប្រទេសអ៊ីតាលីគឺជាប្រទេសតែមួយគត់ដែលបានចុះហត្ថលេខាលើអនុស្សរណៈខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនក៏ដោយ ប៉ុន្តែអ៊ីតាលីមិនមែនជាប្រទេសនៅអឺរ៉ុប ឬប្រទេសលោកខាងលិចដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធំបំផុតជាមួយប្រទេសចិននោះទេ។​

លោកស្រីបន្ថែមថា ៖ «នេះមានន័យថា វាពិតជាអាចទៅរួចក្នុងការដែលមានទំនាក់ទំនងល្អនៅក្នុងវិស័យសំខាន់ៗជា​មួយទីក្រុងប៉េកាំង ដោយមិនចាំបាច់ថាត្រូវចូលរួមជាមួយគម្រោងយុទ្ធសាស្រ្ត BRI នោះទេ»។ បន្ថែមលើនេះ កាលពីដើមខែ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ីតាលីមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា អ៊ីតាលីទំនងជាមិនបន្តកិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវជាមួយចិននោះទេ។​

ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ប្រទេសភាគច្រើននៅក្នុងក្រុមប្រទេស G7 ជាពិសេសទីផ្សារនាំចេញ ក្នុងនោះមានដូចជា ជប៉ុន និងអាល្លឺម៉ង់ជាដើម។

ក្រុមមន្ត្រី និងអ្នកជំនាញបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលកាលពីចុងសប្តាហ៍មុន មេដឹកនាំ G7 បានសន្យាថា នឹងព្យាយាមកាត់បន្ថយហានិភ័យ ជាជាងការដកខ្លួនចេញពីការមានទំនាក់ទំនង ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មជាមួ​យ​ចិន។ ការណ៍នេះបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុប និងជប៉ុន ជុំវិញការដែលអាមេរិកព្យាយាមរុញច្រានទីក្រុងប៉េកាំងកាន់តែខ្លាំង៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ ​https://www.reuters.com/world/italy-pm-says-good-ties-with-china-possible-without-belt-road-2023-05-28/

ads banner