ត្រីមាសទី១ វិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានតែមានកំណើនជាវិជ្ជមានដដែល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា វិស័យធានារ៉ាប់រង នៅកម្ពុជា នៅមានតែមានកំណើនជាវិជ្ជមានដដែលក្នុងត្រីមាសទី១នេះ ដោយបុព្វលាភសរុបដែលទទួលបានក្នុងត្រីមាសទី១ កន្លងទៅនេះ មានប្រមាណ៩៦លានដុល្លារ (ធានារ៉ាប់រងទូទៅ, ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច) កើនឡើង៥,៥ភាគរយ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២២។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភាថា ចាប់តាំងពីចុងឆ្នាំ២០២២មកស្ថានភាពសេដ្ឋកិច្ចនៅក្នុងសកលលោកមានបញ្ហាអតិផរណា ប្រឈមគ្រប់ទីកន្លែងទាំងក្នុងសកលោកក៏ដូចជាប្រទេសកម្ពុជា រួមទាំងការកើនឡើងនៃអត្រាការប្រាក់ក្នុងប្រព័ន្ធធនាគារ ធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យធានារ៉ាប់រងដែរ ជាពិសេសនៅក្នុងតំបន់អាស៊ាន និងពិភពលោក ដោយអ្នកជំនាញបានមើលឃើញដូចគ្នាថា បញ្ហាធំៗទាំងពីរនេះ នឹងមានផលប៉ះពាល់មកលើស្ថានភាពធានារ៉ាប់រង។

លោកបានថ្លែងថា ៖ «បើយើងពិនិត្យមើលក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នៅក្នុងទីផ្សារធានារ៉ាប់រងរបស់យើងនេះ យើងនៅតែរក្សាបានកំណើនទីផ្សារជាវិជ្ជមានដដែល ដោយគិតទៅលើបុព្វលាភ មានកើនឡើង ៥,៥ ភាគរយ ប៉ុន្តែកំណើននេះមានការថមថយបន្តិច បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២២ ដែលការថយនៃកំណើននៅក្នុងវិស័យធានារ៉ាប់រងនេះ ដោយសារតែវិបត្តិសកល ដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ននេះ»។

លោកបញ្ជាក់ទៀតថា បុព្វលាភសរុបដែលសមាគមទទួលបានក្នុងត្រីមាសទី១កន្លងទៅនេះ មានប្រមាណ ៩៦ លានដុល្លារ (ធានារ៉ាប់រងទូទៅ,ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច)។ នៅក្នុងចំនួនទីផ្សារធានារ៉ាប់រងទូទៅកើនឡើង ៧ ភាគរយច្រើនជាងគេ, ធានារ៉ាប់រងអាយុជីវិត៣,៣ភាគរយ ខណៈដែលធានារ៉ាប់រងខ្នាតតូចចាប់ផ្តើមមានកំណើនខ្ពស់មកវិញ ប្រមាណ៤៣ភាគរយ បន្ទាប់មានកំណើនកាលពី២ឆ្នាំមុន(២០២១-២០២២) ដោយសារវិបត្តិកូវីដ១៩។

លោក ហ៊ុយ វ៉ាថារ៉ូ បានបន្តថា ទន្ទឹមនឹងគ្នានេះដែរ បើទោះបីជាបុព្វលាភកើនឡើងក៏ពិតមែន តែសំណងវិញក៏មានការកើនឡើងច្រើនដែរ មានន័យថា ហានិភ័យបានកើតឡើងទៅលើអ្នកទទួលបានការធានារ៉ាប់រងទាំងអស់នោះហើយ។

លោកថា នៅក្នុងសំណង ដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានទូទាត់ទៅឱ្យអតិថិជនរបស់ខ្លួនមានប្រមាណជាង ១២ លានដុល្លារ កើនឡើង២៤ភាគរយ ធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២២។

ស្រដៀងគ្នានេះដែ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតេ (Forte) យល់ឃើញថា ក្នុងត្រីមាសទីមួយ កំណើននៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា មានកំណើនយឺតជាងត្រីមាសកន្លងទៅ ខណៈដែលរៀងរាល់ត្រីមាសនៃឆ្នាំនីមួយៗ តែងតែមានកំណើនក្នុងរង្វង់ ១០ ទៅ១៥ភាគរយ។

លោកបានបញ្ជាក់ដូច្នេះថា ៖ «បញ្ហាវិបត្តិសកលនាពេលបច្ចុប្បន្ននេះ ដូចជាបញ្ហាជំងឺកូវីដ១៩, បញ្ហាសង្រ្គាម, បញ្ហាអតិផរណា រួមទាំងវិបត្តិសកលមួយចំនួនទៀត បានធ្វើឱ្យកំណើនធានារ៉ាប់រងត្រីមាសទីមួយនេះកើនយឺត។ ខ្ញុំយល់ថា នៅត្រីមាសទី២នេះ អាចនឹងកាន់តែយ៉ាប់ជាងត្រីមាសទី១ទៀត បើសិនស្ថានភាពវិបត្តិសលនៅតែមិនមានភាពធូរស្រាល»។

គួររម្លឹកថា កាលពីពាក់កណ្តាល់ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃបឋមថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មានដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ពិគ្រោះយោបល់មាត្រា IV កាលពីចុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ទោះជាការនាំចេញផលិតផលកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារភាពទន់ខ្សោយនៃតម្រូវការខាងក្រៅក្តី។

ក្រុមបេសកកម្ម IMF បានបញ្ជាក់ទៀតថា វិស័យធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន់ និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើង និងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ៕ ដោយ៖ វណ្ណ សុជាតា

ads banner