ជប៉ុននឹងកម្ទេចមីស៊ីលកូរ៉េខាងជើងដែលបំពានលើទឹកដីរបស់ខ្លួន បន្ទាប់ពីក្រុងព្យុងយ៉ាងប្រាប់ពីផែនការបង្ហោះផ្កាយរណប

តូក្យូ៖ ក្រសួងការពារជាតិនៃប្រទេសជប៉ុន បាននិយាយនៅថ្ងៃទី២៩ ខែឧសភា ថា ខ្លួននឹងកម្ទេចមីស៊ីលរបស់កូរ៉េខាងជើងណាមួយដែលបំពានលើទឹកដីរបស់ខ្លួន បន្ទាប់ពីក្រុងព្យុងយ៉ាងអះអាងប្រាប់ក្រុងតូក្យូអំពីផែនការបាញ់បង្ហោះផ្កាយរណប។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងការពារជាតិជប៉ុននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងចាត់វិធានការកម្ទេចប្រឆាំងនឹងគ្រាប់ផ្លោង និងមីស៊ីលផ្សេងទៀត ដែលចូលលើទឹកដីរបស់យើង»ដោយប្រើមីស៊ីល Standard Missile-3 (SM-3) ឬ Patriot Missile PAC-3 ដើម្បីកម្ទេច។

ចំណែកឯប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno វិញ បាននិយាយថា ការបាញ់បង្ហោះណាមួយរបស់កូរ៉េខាងជើង ទោះបីជាការបាញ់បង្ហោះផ្កាយរណបក្ដី ក៏ប៉ះពាល់ដល់សុវត្ថិភាពរបស់ពលរដ្ឋជប៉ុនដែរ។ លោកប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលជប៉ុនដឹងថា ផ្កាយរណបរបស់កូរ៉េខាងជើងអាចឆ្លងកាត់ទឹកដីនៃប្រទេសរបស់ខ្លួន។

បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា(Fumio Kishida) បានប្រាប់អ្នកយកព័ត៌មានផងដែរថា ការបាញ់មីស៊ីលណាមួយរបស់កូរ៉េខាងជើង នឹងក្លាយជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃចន្ទ ដោយជំរុញយ៉ាងពេញទំហឹងឱ្យកូរ៉េខាងជើងចៀសវាងការបាញ់បង្ហោះ ហើយបន្ថែមថា ក្រុងតូក្យូនឹងសហការជាមួយប្រទេសពាក់ព័ន្ធដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ការិយាល័យបន្ថែមថា ជប៉ុន និងសម្ព័ន្ធមិត្តអាមេរិក នឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីប្រមូល និងវិភាគព័ត៌មានពីការបាញ់បង្ហោះរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើងនិយាយថា ខ្លួនបានបញ្ចប់ការសាងសង់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ហើយមេដឹកនាំ លោក គីម ជុងអ៊ុន បានអនុម័តការត្រៀមខ្លួនជាចុងក្រោយសម្រាប់ការបាញ់បង្ហោះវាទៅលើគន្លងតារាវិថី។

ក្រុមអ្នកវិភាគ បានថ្លែងថា ផ្កាយរណបយោធានេះនឹងពង្រឹងសមត្ថភាពឃ្លាំមើលរបស់កូរ៉េខាងជើង និងបង្កើនសមត្ថភាពរបស់ប្រទេសក្នុងការវាយលុកគោលដៅប្រសិនបើមានសង្រ្គាម។ កូរ៉េខាងជើង ក៏បានធ្វើតេស្តមីស៊ីល និងអាវុធជាបន្តបន្ទាប់ផងដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដោយប្រើឥន្ធនៈរឹង។

មន្ត្រីឆ្មាំសមុទ្រជប៉ុន បានអះអាងប្រាប់រ៉យទ័រ ដោយបញ្ជាក់ពីការរាយការណ៍របស់ទូរទស្សន៍ NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា កូរ៉េខាងជើងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះផ្កាយរណបដែលគ្រោងទុកនៅចន្លោះថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។

ជុំវិញការលើកឡើងចុងក្រោយរបស់ជប៉ុន កូរ៉េខាងជើងមិនបានចេញការប្រតិកម្មភ្លាមៗយ៉ាងណាទេ ប៉ុន្តែនាពេលកន្លងមក បានរិះគន់ផែនការរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្នុងការចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងលើការបាញ់មីស៊ីលរបស់ខ្លួន ដោយពណ៌នាប្រទេសទាំង៣ថាពិភាក្សាអំពី «វិធានការអាក្រក់» ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការយោធា៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner