កម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រារព្ធ «ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ខួប៧៥ឆ្នាំ
ភ្នំពេញ៖ «ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ខួប៧៥ឆ្នាំ ត្រូវបានកម្ពុជា រួមនឹងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រារព្ធឡើងដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់កងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាពនិងសន្តិសុខនៅលើពិភពលោក។

ការពលីកម្ម របស់កងកម្លាំងរក្សាសន្តិភាពនៅគ្រប់ដំណាក់កាល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលទុក្ខលំបាកជួយប្រទេសផ្សេងៗ ដែលកំពុងប្រឈមរងគ្រោះដោយវិបត្តិសង្គ្រាមរ៉ាំរ៉ៃ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្មជាតិផ្សេងៗឱ្យមានជីវភាពរស់នៅបានប្រសើរឡើង។
នេះជាការថ្លែងឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(អ.ស.ប)និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលដោយផ្ទាល់ ឬប្រយោលពីការស្ថានការណ៍សកលលោក, ការរាតត្បាតកូវីដ១៩ ប៉ុន្តែដើម្បីបុព្វហេតុសន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម កម្ពុជានៅតែប្តេជ្ញាចិត្តបន្តចូលរួមបេសកកម្មរក្សាសន្តិភាព។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា កម្ពុជាមិនត្រឹមតែគិតគូរពីសុខទុក្ខរបស់ប្រជាជាតិ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកគិតគូរពីសុខទុក្ខដល់ប្រជាជាតិផ្សេងទៀត នៅលើពិភពលោកផងដែរ។
កម្ពុជាក្លាយជាគ្រួសាររបស់អ.ស.ប ជាសមាជិកប្រជាជនទូទាំងពិភពលោក ជាប្រទេសស្នេហាសន្តិភាព ស្រឡាញ់សន្តិភាព ជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ ទឹកចិត្តមនុស្សធម៌ទូលំទូលាយ និងឆន្ទៈខ្ពស់ចូលរួមជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំង ក្រោមឆ័ត្រអ.ស. ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក។
រយៈពេល១៧ឆ្នាំនេះ គឺពីឆ្នាំ ២០០៦-២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្ដាប្រទេស ដែលកំពុងជួបវិបត្តិ ក្នុងនោះជាង ១៥ភាគរយ នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជា ស្ត្រី។ នេះបើតាមការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់។

សម្ដេចបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ពួកគាត់បានដើរតួជាគម្រូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព។រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញបង្កើនការប្រើប្រាស់កម្លាំងជានារី ឱ្យបាន២៥ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាព ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទី ជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាពយូរអង្វែង។
នាពិធីនោះដែរ លោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអ.ស.ប ។
លោកបានបន្តថា ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ ៤ ២០០ នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ១១នាក់ផងដែរ។
លោក ចូសិប ស៊ូអើ មានប្រសាសន៍ថា ៖ «ខ្ញុំពិតជាដឹងគុណចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទាំងបុរស និងស្រ្តី ដែលបានសម្រេចចិត្តចូលរួមមួកខៀវនេះ។ ឥឡូវនេះ ពួកគេ គឺជាផ្នែកនៃគ្រួសារអ.ស.ផងដែរ»។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ក្នុងអំឡុង ឆ្នាំ១៩៩២ និង១៩៩៣ មានកម្លាំងអ៊ុនតាក់(UNTAC)ប្រមាណជាង ១៥ ០០០ នាក់, កម្លាំងនគរបាលស៊ីវិល៣.០០០នាក់ បុគ្គលិកស៊ីវិល៩ ០០ នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំងអ៊ុនតាក់នេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានពលីជីវិត។
លោកបានបន្តថា ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល ១៧ ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអ.ស.ប ជាង ៨ ០០០ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈឆ្នាំ២០២៣ កម្ពុជាមានកម្លាំងមួកខៀវជិត ៨០០ នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួនបួន រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕ ដោយ៖ គឹម យុត្ថារ៉ូ