កោះបាលីនឹងបង្រ្កាបអ្នកទេសចរបរទេស ដែលប្រើគ្រីបតូក្នុងការទូទាត់ប្រាក់

ហ្សាការតា៖ រដ្ឋាភិបាលប្រចាំកោះបាលីរបស់ឥណ្ឌូណេស៊ីនឹងបង្រ្កាបអ្នកទេសចរបរទេសណាដែលប្រើប្រាស់គ្រីបតូជាមធ្យោបាយទូទាត់ប្រាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន គោលដៅទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។

អភិបាលកោះបាលី លោក Wayan Koster បាននិយាយក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ថា៖ «អ្នកទេសចរបរទេសដែលមានអាកប្បកិរិយាមិនសមរម្យ ធ្វើសកម្មភាពដែលមិនមានការអនុញ្ញាតក្នុងទិដ្ឋាការរបស់ពួកគេ ប្រើប្រាស់គ្រីបតូជាមធ្យោបាយទូទាត់ប្រាក់ និងរំលោភលើបទប្បញ្ញត្តិផ្សេងទៀត នឹងទទួលរងចំណាត់ការយ៉ាងសមស្រប»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama ។

លោក Koster បានគូសបញ្ជាក់ថា ៖ «សកម្មភាពតឹងរ៉ឹង មានចាប់ពីការនិរទេស ការដាក់ទោសផ្នែករដ្ឋបាល ការដាក់ទោសព្រហ្មទណ្ឌ ការបិទកន្លែងអាជីវកម្ម និងការដាក់ទោសដ៏តឹងតែងផ្សេងទៀត»។

លោកក៏រំឭកឡើងវិញដែរថា ការប្រើប្រាស់រូបិយប័ណ្ណផ្សេងក្រៅពីប្រាក់រូពីឥណ្ឌូនេស៊ីជាមធ្យោបាយទូទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានហាមឃាត់ផងដែរ។

យោងតាមច្បាប់ឥណ្ឌូនេស៊ី ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយបណ្ណក្រៅពីប្រាក់រូពីឥណ្ឌូនេស៊ី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០ លានរូពី ឬ ស្មើនឹង ១៣ ៣០០ ដុល្លារអាមេរិក។

លោក Koster គូសបញ្ជាក់ថា ក្រៅពីការជាប់ពន្ធនាគារ ការបំពាននឹងទទួលរងការដាក់ទោសផ្នែករដ្ឋបាលក្នុងទម្រង់នៃការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ កាតព្វកិច្ចបង់ប្រាក់ពិន័យ និងការហាមឃាត់ពីប្រតិបត្តិការទូទាត់»។

ជុំវិញបញ្ហាគ្រីបតូវិញ ប្រធានធនាគារឥណ្ឌូនេស៊ី ការិយាល័យតំណាងកោះបាលី លោក Trisno Nugroho បានបន្ថែមថា គ្រីបតូជាទ្រព្យសកម្មអនុញ្ញាតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែវាត្រូវបានហាមឃាត់ជាមធ្យោបាយទូទាត់ប្រាក់៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner