ហ្វីលីពីនជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈព្យុះទីហ្វុង Mawar បក់បោកចូលភាគខាងជើងនៃប្រទេស

ម៉ានីល៖ មន្ត្រីហ្វីលីពីននៅថ្ងៃចន្ទទី២៩ ខែឧសភានេះ បានចាប់ផ្តើមជម្លៀសប្រជាជនរាប់ពាន់នាក់ បិទសាលារៀន និងការិយាល័យ និងដាក់បម្រាមមិនឱ្យធ្វើដំណើរតាមទឹក ខណៈព្យុះទីហ្វុង Mawar បានបោកបក់ចូលបណ្ដាខេត្តភាគខាងជើងរបស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មានផ្សេងៗចុះផ្សាយថា ព្យុះទីហ្វុង Mawar កំពុងបក់បោកក្នុងកម្លាំងខ្យល់អតិបរមា ១៥៥ គីឡូម៉ែត្រ/ម៉ោង និងក្នុងល្បឿនរហូតដល់ ១៩០ គីឡូម៉ែត្រ/ម៉ោង នឹងបន្តធ្វើដំណើរពីភាគឦសានហ្វីលីពីន ឆ្ពោះទៅកោះតៃវ៉ាន់ ឬភាគខាងត្បូងនៃប្រទេសជប៉ុន។

ក្នុងការបច្ចុប្បន្នព័ត៌មានចុងក្រោយកាលពីថ្ងៃត្រង់នាថ្ងៃដដែលនេះ រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បានរំពឹងថា ព្យុះ Mawar ដែលបក់បោកកាត់កោះហ្គាំមរបស់អាមេរិកកាលពីសប្ដាហ៍មុន នឹងបក់បោកក្នុងល្បឿងយឺតៗ ឬនៅស្ទើរតែនៅស្ងៀម ចាប់ពីថ្ងៃអង្គារ ឬថ្ងៃពុធ។

ទោះជាយ៉ាងណាក៏ដោយ វានឹងនៅតែនាំមកនៅភ្លៀងធ្លាក់ជោកជាំនៅតំបន់ភាគខាងជើងនៃកោះ Luzon ក្នុងខេត្តមួយចំនួនដូចជា ខេត្ត Cagayan និងខេត្ត Batanes ដែលធ្វើឱ្យអាជ្ញាធរព្រមានពីការកើនឡើងនូវជំនោរដ៏គ្រោះថ្នាក់ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីជាដើម។

ជំនួយការរដ្ឋលេខាធិការនៃការិយាល័យការពារជនស៊ីវិល លោក Raffy Alejandro បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press (AP) ថា៖ «យើងកំពុងគិតគូរអំពីបញ្ហានៃការគំរាមកំហែងដល់អាយុជីវិត»។

លោក Alejandro បាននិយាយថា មនុស្សជាង ៤ ៨០០ នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកសង្គ្រោះបន្ទាន់នៅក្នុងខេត្ត Cagayan ខេត្ត Batanes និងខេត្តរងឥទ្ធិពលទីហ្វុងផ្សេងៗទៀត ហើយចំនួនអ្នកត្រូវជម្លៀសរំពឹងថានឹងកើនឡើងក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដី។

ជាមួយគ្នានេះ ថ្នាក់រៀន និងការិយាល័យការងារ លើកលែងតែអ្នកដែលពាក់ព័ន្ធនឹងការត្រៀមរៀបចំគ្រោះមហន្តរាយ ត្រូវបានបិទផ្អាកជាបណ្ដោះអាសន្ននៅក្នុងតំបន់ភាគច្រើននៃខេត្ត Cagayan និងខេត្ត Batanes។ បន្ថែមពីនេះ ជើងហោះហើរទៅ និងមកពីខេត្តនានា ក៏ត្រូវបានលុបចោល ហើយនាវានេសាទ និងការធ្វើដំណើរតាមទូក ក៏ត្រូវបានហាមឃាត់ផងដែរ។

មន្ត្រីត្រៀមទប់ទល់គ្រោះមហន្តរាយ បានលើកឡើងថា ដំណើររបស់ព្យុះទីហ្វុងអាចផ្លាស់ប្តូរភ្លាមៗ ហើយវាមិនប្រែប្រួលក្នុងលក្ខណៈអំណោយផលនោះទេ។ បើតាមក្រុមមន្រ្តីហ្វីលីពីន ទាហាន ប៉ូលីស និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងៗ ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងបណ្ដាខេត្តភាគខាងជើង ហើយកញ្ចប់អាហារជាងមួយលាន ត្រូវបានរៀបចំសម្រាប់ភាពអាសន្នណាមួយ។

អភិបាលរងខេត្តកោះភាគខាងជើង Batanes លោក Ignacio Villa បានប្រាប់ AP តាមទូរស័ព្ទនៅថ្ងៃចន្ទថា៖ «ព្យុះទីហ្វុង ការរញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិ គឺជាផ្នែកមួយនៃជីវិតរបស់យើង។ យើងត្រូវតែរៀបចំ ព្រោះអាចមានការបាត់បង់ជីវិត និងការខូចខាតធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា ព្យុះទីហ្វុង និងខ្យល់ព្យុះផ្សេងៗទៀត ជាមធ្យមប្រហែល ២០ បានបកបោកលើប្រជុំកោះហ្វីលីពីនក្នុង១ឆ្នាំៗ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយធម្មជាតិខ្លាំងបំផុតមួយលើពិភពលោក៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner