សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា គោរព និងប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជាមួយឯកឧត្តម វ៉ូឡូឌីមៀ ហៀលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅទីក្រុងភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថាជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់ កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។
សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយដែលបានជួបសន្ទនា តាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយ ឯកឧត្ដម វ៉ូឡូឌីមៀ ហ្ស៊ីលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្ដែងដើម្បីបញ្ចប់ សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្តេចតេជោ បានស្វាគមន៍ និង អបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ានផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណជូន សម្តេចតេជោ ចំពោះជំនួបតាមទូរសព្ទ័ដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ រាជរដ្ឋាភិបាល និង ប្រជាជន កម្ពុជា ហើយឯកឧត្តម បានជូនពររាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ទទួលបានសន្តិភាព និង វិបុលភាពជានិរន្តរ៍៕ ដោយ វណ្ណលុក

