អាជ្ញាធរមីន នឹងជំរុញការងារផ្ដល់ជើងសិប្បនិម្មិតជូនជនពិការដោយសារមីន ឱ្យដូចគ្នានឹងសកម្មភាពដោះមីន
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា នឹងបន្តជំរុញយុទ្ធនាការផលិត និងផ្តល់ដៃជើងសិប្បនិម្មិតជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីននិងជនមានពិការភាពទូទៅ ឱ្យដូចគ្នានឹងការងារសកម្មភាពដោះមីន ខណៈដែលយុទ្ធនាការនេះបានផ្ដល់ជើងសិប្បនិម្មិតជូនជនរងគ្រោះក្នុងខេត្តចំនួន៤។
បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា យុទ្ធនាការផលិត និងផ្តល់ដៃជើងសិប្បនិម្មិត ដល់ជនរងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាមនិងជនមានពិការភាពទូទៅ គឺជាសកម្មភាពមួយដែលអាជ្ញាធរមីន បានចាត់ទុកជាការងារអាទិភាព ដូចគ្នានឹងសកម្មភាពការងារដោះមីនផងដែរ។
ឯកឧត្តមបានបន្តថា យុទ្ធនាការនេះ ខាងអាជ្ញាធរមីន នឹងនៅតែបន្តធ្វើរហូត ដើម្បីខិតខំប្រឹងប្រែងផ្ដល់ជើងសិប្បនិម្មិតដល់ជនរងគ្រោះថ្នាក់ដោយសារមីនឱ្យបានគ្រប់ៗគ្នា ហើយមួយវិញទៀត ដៃជើងសិប្បនិម្មិតដែលផ្ដល់ជូនជនរងគ្រោះថ្នាក់ដោយសារមីនទាំងនោះ ក៏វាមិនស្ថិតស្ថេរដែរ ដោយត្រូវការផ្លាស់ប្ដូរ និងជួសជុលជាប្រចាំ។
ឯកឧត្តម លី ធុជ បានថ្លែងថា ៖ «ហេតុដូច្នេះ អាជ្ញាធរមីន ត្រូវស្វែងរកដៃគូសហការ និងការឧបត្ថម្ភគាំទ្រពីប្រទេសជាមិត្ត ពិសេសអង្គការសហប្រជាជាតិជាដើម ដើម្បីផ្ដល់ជំនួយឱ្យដំណើរការយុទ្ធនាការផលិត និងផ្ដល់ជើងដៃសិប្បនិម្មិតជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន រួមទាំងផ្ដល់ការគាំទ្រដល់មជ្ឍមណ្ឌលនៅខេត្តបាត់ដំបង ដែលទទួលធ្វើជើងសិប្បនិម្មិតជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងមធ្យោបាយផ្សេងៗផងដែរ»។
ឯកឧត្តមបន្តថា ៖ «យុទ្ធនាការផ្ដល់ជើងដៃសិប្បនិម្មិតនេះ គឺយើងធ្វើជាប្រចាំ ហើយនៅពេលដែលយើងមានដៃគូសំខាន់ៗមក យើងជម្រុញកិច្ចការងារហ្នឹងជាធំ ចំគោលដៅខេត្តដែលមានបងប្អូនពិការភាពច្រើន ពិសេសខេត្តដែលជាអតីតមានសមរភូមិក្ដៅពីដើមដែលមានដូចជា ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលសម្បូរជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីននេះ»។
លើសពីនេះទៀតឯកឧត្តមបន្តថា កន្លងមកប្រទេសឥណ្ឌាបានជួយផ្ដល់ជើងសិប្បនិម្មិតជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីនចំនួន ៦០០ ជើងសិប្បនិម្មិត ដល់ខេត្តបន្ទាយមានជ័យ ដែលទាំងនេះបញ្ជាក់ឱ្យឃើញថាជាការរួមចំណែកមួយយ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលជាជនរងគ្រោះថ្នាក់ដោយសារមីន សម្រាប់ឱ្យពួកគាត់អាចធ្វើដំណើរបានល្អប្រសើរជាងពេលមុន។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «ដូច្នេះហើយ មិនថាការទទួលបានជំនួយជើងសិប្បនិម្មិតពីប្រទេសឥណ្ឌា ឬជំនួយពីប្រទេសណាផ្សេងទេ គឺយើងបានសម្រេចផ្ដល់ជើងដៃសិប្បនិម្មិតទាំងនេះ ទៅតំបន់ដែលមានជនពិការច្រើនដោយសារគ្រាប់មីន ដោយមិនត្រូវទុក ឬពន្យារពេលនោះឡើយ»។
លោក ឡាង កុសល មន្ត្រីទទួលបន្ទុកគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន នៃអាជ្ញាធរមីន បានប្រាប់ឱ្យដឹងថា អវៈយវៈសិប្បនិម្មិតចំនួន ៦៧៣ គ្រឿង និងឧបករណ៍ជំនួយចំនួន ២៧គូ ត្រូវបានផ្តល់ជូនជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការទូទៅ សរុបចំនួន ៦៥០នាក់។
លោកបានបន្តថា ជនរងគ្រោះ និងជនមានពិការភាពដែលទទួលបានឧបករណ៍ទាំងនេះ មកពីស្រុកចំនួន៩ នៃខេត្តបន្ទាយមានជ័យ និងរួមទាំងបណ្តាលខេត្តមួយចំនួនទៀតដូចជា៖ ខេត្តខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលដៃ-ជើងសិប្បនិម្មិតទាំងនេះ ជាការផ្តួចផ្តើមគំនិតរវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា៕ ដោយ៖ ជា សុខនី