មនុស្សយ៉ាងហោចណាស់ ៤០ នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពនៅរដ្ឋម៉ានីផួរ នៃប្រទេសឥណ្ឌា

មនុស្សរាប់សិបនាក់ ដែលមន្រ្តីឥណ្ឌាហៅថាជាក្រុមយុទ្ធជនឧទ្ទាម ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋ ម៉ានីផួរ (Manipur) ភាគឦសាននៃប្រទេសឥណ្ឌា ខណៈជម្លោះជាតិសាសន៍រវាងក្រុមកុលសម្ព័ន្ធជនជាតិភាគតិច និងក្រុមជនជាតិភាគច្រើនមៃតី( Meitei) បានបន្តអូសបន្លាយ រាប់តាំងពីដើមខែឧសភានេះ។

នាយករដ្ឋមន្ត្រី អភិបាលរដ្ឋ Manipur លោក N Biren Singh បានប្រាប់អ្នកយកព័ត៌មានដោយមិនបញ្ជាក់ព័ត៌មានលម្អិតអំពីក្រុមណាមួយឱ្យច្បាស់លាស់ កាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនយ៉ាងតិច ៤០ នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខឥណ្ឌា។ នេះបើតាមការស្រង់សម្ដីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក Singh បានបន្ថែមថា ប៉ូលិសពីរនាក់ ក៏ត្រូវបានសម្លាប់ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ខណៈក្រុមឧទ្ទាមប្រើប្រាស់កាំភ្លើងប្រភេទ M-16 និង AK-47 និងកាំភ្លើងស្នប់ បាញ់ប្រហារទៅលើជនស៊ីវិល ហើយចូលទៅក្នុងភូមិជាច្រើន ដើម្បីដុតបំផ្លាញផ្ទះប្រជាជន។

លោក Singh បន្តទៀតថា៖ «យើងបានចាប់ផ្តើមចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងពួកគេ ដោយមានជំនួយពីកងទ័ព និងកងកម្លាំងសន្តិសុខផ្សេងទៀត។ យើងបានទទួលរបាយការណ៍ថា ភេរវករប្រហែល ៤០ នាក់ ត្រូវបានបាញ់សម្លាប់»។

គួរបញ្ជាក់ថា រដ្ឋ Manipur គឺជារដ្ឋឆ្ងាយដាច់ស្រយាលដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា និងនៅចន្លោះប្រទេសបង់ក្លាដែស ចិន និងមីយ៉ាន់ម៉ា ដែលសម្បូរទៅដោយភាពតានតឹងរវាងក្រុមជនជាតិភាគតិចផ្សេងៗគ្នា។

ឥណ្ឌាបានដាក់ពង្រាយទាហានប៉ារ៉ា និងកងទ័ពរាប់ពាន់នាក់ទៅកាន់រដ្ឋ ដែលមានប្រជាជន ៣,២ លាននាក់នេះ ហើយបានដាក់បម្រាមគោចរបន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងជនជាតិ Meitei ដែលភាគច្រើនកាន់សាសនាហិណ្ឌូ និងកុលសម្ព័ន្ធ Kuki ដែលភាគច្រើនកាន់សាសនាគ្រីស្ត។

បណ្ដាញអ៊ិនធឺណិត ត្រូវបានកាត់ផ្ដាច់អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ រាប់តាំងពីជម្លោះផ្ទុះឡើង ដោយសារផែនការពង្រីកកូតាសេដ្ឋកិច្ច និងការងារសម្រាប់ជនជាតិ Meitei របស់រដ្ឋាភិបាលឥណ្ឌា ដែលជាការភ័យខ្លាចជាយូរមកហើយក្នុងចំណោមជនជាតិ Kuki ដែលថា ជនជាតិ Meitei នឹងទទួលបានដីនៅក្នុងតំបន់បម្រុងទុកសម្រាប់ពួកខ្លួន និងក្រុមកុលសម្ព័ន្ធផ្សេងទៀត។

មកទល់ពេលនេះ ជម្លោះបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈជនរងគ្រោះភាគច្រើនត្រូវបានគេជឿថាមកពីសហគមន៍ជនជាតិ Kuki ដោយអ្នកភូមិ និងព្រះវិហារគ្រិស្ទរបស់កុលសម្ព័ន្ធនេះ រងការបំផ្លិចបំផ្លាញដោយហ្វូងមនុស្សនៃក្រុមជនជាតិ Meitei។ យ៉ាងណាមិញ ក្រុមជនជាតិ Meitei ក៏រងការវាយប្រហារពីក្រុម Kukis នៅកន្លែងខ្លះផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner