មនុស្សម្នាក់ក្នុងចំណោមបីនាក់ នឹងត្រូវរស់នៅក្នុងតំបន់ក្តៅដ៏គ្រោះថ្នាក់បំផុត បើគិតត្រឹមឆ្នាំ ២០៨០

ឡុងដ៍៖ យោងតាមការសិក្សាថ្មីមួយបានរកឃើញថា មួយភាគបីនៃចំនួនប្រជាជនពិភពលោកនឹងត្រូវរស់ក្រោមស្ថានភាពអាកាសធាតុក្តៅដ៏គ្រោះថ្នាក់បំផុតនៅឆ្នាំ ២០៨០ ប្រសិនបើពិភពលោកនៅតែបន្តដើរលើគន្លងបច្ចុប្បន្ននេះ ហើយប្រទេសទាំងអស់នៅអាហ្រ្វិកខាងលិច និងឈូងសមុទ្រពែក្ស នឹងក្លាយទៅជាតំបន់ក្តៅខ្លាំងបំផុតមិនធ្លាប់មាន។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានប្រព័ន្ធសកលរបស់សាកលវិទ្យាល័យExeter របស់ប្រទេសអង់គ្លេសបានឱ្យដឹងថា ជាមធ្យមសីតុណ្ហភាពរបស់ពិភពលោកកើនឡើង ២.៧ អង្សាសេក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ក្រុមអ្នកស្រាវជ្រាវកំណត់បាននូវតំបន់ក្តៅបំផុតដែលអាចបង្កគ្រោះថ្នាក់ ឬតំបន់ដែលមិនអាចរស់នៅបាន មិនអាចសកម្មភាពផ្សេងៗបាន ដោយសារសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំវាលើសពី ២៩ អង្សាសេ។

ការកើនឡើងនៃសីតុណ្ហភាពកាន់តែខ្ពស់នឹងនាំឱ្យមានការស្លាប់ដោយសារកំដៅកាន់តែច្រើន ផលិតភាពការងារថយចុះ ទិន្នផលកសិកម្មធ្លាក់ចុះ ចំណាកស្រុកមានការកើនឡើងនៃ និងអត្រានៃការរីករាលដាលនៃជំងឺឆ្លងកាន់តែខ្ពស់។

ការសិក្សាថ្មីនេះបានរកឃើញថា ផ្ទៃដីនៃប្រទេសមួយចំនួនដូចជា ប៊ូគីណាហ្វាសូ (Burkina Faso) ម៉ាលី (Mal) កាតា (Qatar) អារូបា (Aruba) និង អារ៉ាប់រួម(UAE) នឹងចាកឆ្ងាយស្ទើរតែទាំងស្រុងពីបរិបទដែលមនុស្សអាចរស់នៅ និងអាចកសាងសហគមន៍បាន។

ចំណែកឯចំនួនប្រជាជនដែលនឹងទទួលរងផលប៉ះពាល់ច្រើនបំផុត មានប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងឥណ្ឌូនេស៊ី ដោយប្រជាជនរបស់ប្រទេសទាំងបីនេះ មានចំនួន ៦០០ លាននាក់, ៣០០លាននាក់ និង ១០០លាននាក់ ត្រូវបាត់បង់តួនាទី ឬឱកាសជាបន្តបន្ទាប់នៅក្នុងសហគមន៍របស់ពួកគេ។

ចំណែកឯសមត្ថភាពរបស់ប្រទេស និងពលរដ្ឋរបស់នីមួយៗ ក្នុងការទប់ទល់ការកើនឡើងកំដៅខ្លាំង ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។

សាស្ត្រាចារ្យ Timothy Lenton និងជានាយកវិទ្យាស្ថាន Global Systems បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«វាអាស្រ័យលើធនធានរបស់អ្នកដើម្បីការពារខ្លួនអ្នកនៅចំពោះមុខការប្រែប្រួលអាកាសធាតុពេលខាងមុខ ពោលគឺវាអាស្រ័យថាអ្នកមានទ្រព្យច្រើនប៉ុនណា»។

ដោយឡែកប្រទេសអារ៉ាប់រួម និងកាតា ស្ថិតក្នុងចំណោមប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោកសម្រាប់ប្រជាជនម្នាក់ៗ ខណៈបួគីណាហ្វាសូ និងម៉ាលី ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត។

យ៉ាងណា ប្រសិនបើពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់គ្រប់គ្រាន់ នោះកម្រិតនៃការឡើងកំដៅផែនដីនឹងធ្លាក់មកត្រឹម ១.៥ អង្សារសេ ហើយវានឹងកាត់បន្ថយចំនួនមនុស្សដែលរងផលប៉ះពាល់ដោយកំដៅដ៏គ្រោះថ្នាក់ដល់ ៩០លាននាក់នៅក្នុងប្រទេសឥណ្ឌា ៤០លាននាក់នៅនីហ្សេរីយ៉ា និង ៥លាននាក់នៅឥណ្ឌូនេស៊ី៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner