រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យមន្រ្តីបច្ចេកទេសភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី

អត្ថបទដោយ៖
CPA

ស្ទឹងត្រែង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារ ដើម្បីឈានទៅ រួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប។

ក្នុងកំឡុងពេលចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការបណ្តុះបណ្តាលរបស់មន្រ្តីបច្ចេកទេសក្នុងការភ្ញាស់កូនត្រីពូជនេះជាការផ្ទេរចំណេះដឹងដ៏មានអាទិភាពជូនទៅប្រជាកសិករដើម្បីឱ្យពួកគាត់មានបច្ចេកទេស ចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆាជាតិនៅតាមដងទន្លរមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សំបុកត្រីពងកូន។

តាមរយៈក្រសួងកសិកម្មឯកឧត្តមបានបញ្ជាក់ថា “មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្តឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។ អ្នកចិញ្ចឹមត្រីមួយចំនួន ខ្ញុំនឹងបោះទុនឲ្យសាកមើលតែម្ដង”។

ឯកឧត្តមបន្តថា ៖ «ឥឡូវខ្ញុំដោះស្រាយវគ្គហ្នឹងមួយឲ្យធ្វើការវិនិយោគធ្វើការចិញ្ចឹមត្រីសាកមើល តើអាចលក់ចេញទៅវិញដាច់ឬអត់ បើដាច់អាហ្នឹង ចាំរៀបចំជាប្រព័ន្ធយ៉ាងម៉េចដើម្បីអាច ធ្វើការចិញ្ចឹមត្រីហ្នឹងបាន ហើយជម្រើសទី៣ធ្វើការវិនិយោគ ជាមួយដៃគូឯកជនតែម្ដង»។

ចំពោះការងារវារីសត្វនេះឯកឧត្តមរដ្ឋមន្ត្រី បានស្នើអភិបាលខេត្តស្ទឹងត្រែង ពិចារណាស្វែងរកដៃគូឯកជនមកធ្វើការវិនិយោគ ដោយសហការជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អ ដើម្បីភាពរីកចម្រើននិងការអភិវឌ្ឍវិស័យកសិកម្មឱ្យខ្លាំងក្លា និងមានសក្តានុពល តាមរយៈការរៀបចំគោលនយោបាយប្រចាំខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងការជំរុញផលិតផលសក្តានុពលក្នុងខេត្ត ដើម្បីជំរុញវិស័យកសិកម្មឱ្យរីកចម្រើន និងចូលរួមជួយដល់សង្គមជាតិ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា ខេត្តស្ទឹងត្រែង បានគិតគូរយ៉ាងហ្មត់ចត់ លើការរៀបចំទីតាំងវារីវប្បកម្មឱ្យមានលក្ខណៈសមស្រប ដើម្បីជំរុញការបង្កាត់កូនត្រីពូជឱ្យកាន់ច្រើន និងមានគុណភា សម្រាប់ផ្តល់ដល់ប្រជាកសិករ។

លោកបានបញ្ជាក់ថា ៖ «នេះជាយុទ្ធវិធីជំរុញឱ្យផ្នែកវារីវប្បកម្ម កាន់តែមានកាលានុវត្តភាព ឈានទៅទទួលបានជោគជ័យ ព្រោះនៅខេត្តស្ទឹងត្រែង យើងមានទីតាំងវារីវប្បកម្មទំនើបប្រកបដោយស្តង់ដារ ដែលបានផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់មន្ត្រីជំនាញ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួន ធ្វើឱ្យសម្រេចគោលដៅដែលចង់បាន»។

ជាមួយគ្នានេះដែរ លោក ប៊ុនរ៉ា ស៊ី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើស្ទឹងត្រែង បានប្រាប់ឱ្យដឹងដែរថា កន្លងមកមន្ត្រីជំនាញចិញ្ចឹមត្រីមេពូជបានចំនួនជាង១០ប្រភេទហើយ ក្នុងនោះរួមមាន ត្រីអណ្តែងអាហ្វ្រិក, ត្រីខ្យា, ត្រីទីឡាព្យា, ត្រីអណ្តែងទន់, ត្រីប្រា, ត្រីពោធិ, ត្រីកែ, ត្រីព្រលូង, ត្រីឆ្ពិន, ត្រីក្រាញ់ និងត្រីកាហែជាដើម។

លោកបានឱ្យដឹងថា បច្ចុប្បន្នក្នុងចំណោមត្រី ជាង១០ប្រភេទនេះ មានត្រីពីរប្រភេទ ដូចជាត្រីអណ្តែង និងត្រីទីឡាព្យាកំពុងដំណើរការលក់ចេញជូនកសិករចិញ្ចឹមត្រីនៅក្នុងខេត្ត និងទៅតាមបណ្តាខេត្តផ្សេងៗទៀតបានតាមតម្រូវការ»។

សូមបញ្ជាក់ថា នៅមជ្ឈមណ្ឌលវារីវប្បកម្មស្ទឹងត្រែង មានស្រះចំនួន២៤ ក្នុងនោះស្រះស្តុកត្រីមេពូជធំចំនួនមួយ, ស្រះកូនត្រី១២, ស្រះត្រីមេពូជចំនួនប្រាំមួយ, ស្រះបំប៉នត្រីសាច់ចំនួនបួន និងស្រះចម្រោះទឹកកខ្វក់ចំនួនមួយ ហើយឯកឧត្តមរដ្ឋមន្ត្រី នឹងផ្តល់ថវិកា ចំនួនមួយម៉ឺនដុល្លារ ដើម្បីបង្កើនលទ្ធភាពឱ្យមន្ត្រីមជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ៕ ដោយ៖ វណ្ណ សុជាតា

ads banner