វេជ្ជបណ្ឌិត៖ សម្រាប់សម័យកាលបច្ចុប្បន្ន ការរិះគន់លើស្រ្តីដែលមានរដូវនៅតែកើតមាននៅឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដូវរបស់មនុស្សស្រី គឺជាធម្មជាតិរបស់ស្ត្រីដែលស្ត្រីគ្រប់រូប ត្រូវមានរដូវនៅក្នុងវ័យបន្តពូជ ដែលរដូវនេះវាគឺជាការធ្លាក់ចេញខូចនូវភ្នាសខាងក្នុងរបស់ស្បូន ដែលវាកើតមានជារៀងរាល់ខែ ហើយស្រ្តីគ្រប់រូបមិនអាចចៀសផុតពីការមករដូវបានទេ។ ប៉ុន្តែជាទូទៅនៅពេលស្រ្តី មានវដ្តរដូវម្តងៗ ស្រ្តីមួយចំនួនមិនសូវហ៊ានប្រាស្រ័យទាក់ទងទៅសង្គមខាងក្រៅនោះទេ ដោយសារភាពខ្មាស់អៀន ប្រឈមការរើសអើង និងបញ្ហាផ្សេងៗ។

ដើម្បីជាការតស៊ូមតិជុំវិញបញ្ហានេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានប្រារព្វ «ទិវាសុខភាពពេលមករដូវ» រយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២៥-២៨ ក្នុងខែឧសភា ឆ្នាំ ២០២៣ ដើម្បីបង្កើនការយល់ដឹង និងអំពាវនាវដល់មនុស្សគ្រប់រូបបញ្ឈប់ការរើសទៅលើអ្នកដែលមករដូវ ដើម្បីរួមចំណែកក្នុងការជួយគាំទ្រស្រ្តី។

អ្នកយកព័ត៌មាន ទិត្យ រានុពិចិត្រ បានជួបសម្ភាសន៍ជាមួយនឹង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជុំវិញការប្រារព្វ «ទិវាសុខភាពពេលមករដូវ» នេះ៖

សំណួរ៖តើអ្វីជារដូវរបស់ស្រ្តី?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ រដូវរបស់ស្រ្តី ជាធម្មជាតិរបស់ស្ត្រី ដែលស្ត្រីគ្រប់រូបគឺត្រូវមានរដូវនៅក្នុងវ័យបន្តពូជ ហើយរដូវវាគឺជាការធ្លាក់ចេញ ខូចនូវភ្នាសខាងក្នុងរបស់ស្បូន ហើយដែលវាកើតមានជារៀងរាល់ខែ។ ស្រ្តីគ្រប់រូបមិនអាចចៀសផុសពីការមករដូវបានទេ ពីព្រោះនេះគឺជាការវិវត្តនៃកោសិកាបន្តពូជ ហើយជាធម្មជាតតិរបស់មនុស្សស្រីទូទៅ។

សំណួរ៖តើអ្វីជាទិវាសុខភាពពេលមករដូវ? ប្រារព្ធឡើងនៅថ្ងៃណា?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ ទិវាសុខភាពពេលមករដូវ គឺជាទិវាមួយក្នុងការលើកកម្ពស់ការយល់ដឹងពីការមករដូវ និងបំបាត់ការរើសអើងទៅលើស្រ្តីដែលមានរដូវ ដើម្បីឱ្យស្ត្រីទទួលបានសុខភាពនៅពេលមានរដូវ។ មែនទែនទៅទិវានេះពិភពលោកប្រារព្ធនៅថ្ងៃទី២៨ ខែឧសភា។ ដោយឡែកនៅកម្ពុជា យើងធ្វើពិធីនេះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ហើយយើងបានធ្វើពិធីនេះតាំងពីឆ្នាំ២០១៤មកម្ល៉េះ។

តាមពិតសកម្មភាព ការអប់រំ ក្នុងទិវាសុខភាពពេលមករដូវ ឆ្នាំនេះមិនខុសគ្នាឆ្នាំមុនៗទេ ប៉ុន្តែយើងបានងបង្កើនការចែកសម្ភារប្រើប្រាស់ ជាពិសេសសំឡីអនាម័យ គឺចែកដល់ក្មេងស្រីនៅតាមសហគមន៍ក្រីក្រ នៅតាមសាលារៀន ចំនួនច្រើន ឈានដល់ពាន់នាក់សម្រាប់ឆ្នាំនេះបាទ។

សំណួរ៖តើលោកវេជ្ជបណ្ឌិត សង្កេតឃើញមានភាពខុសគ្នាយ៉ាងណាលើការរើសអើងចំពោះស្ត្រីទូទៅ និងស្ត្រីដែលផ្ទុកមេរោគអេដស៍?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ ជាទូទៅ ស្រ្តីមានរដូវ គឺទទួលបាននូវការរើសអើងមួយផ្នែកហើយ ហើយបើគាត់មានជំងឺអេដស៍ទៀតគឺ គាត់ទទួលបានការរើសអើងបន្ថែមទៀត ដោយសារការភ័យខ្លាចមិនសមរម្យ ក្នុងការឆ្លងមេរោគអេដស៍ជាដើម។ ដូចនេះចំពោះស្រ្តីដែលមានផ្ទុកមេរោគអេដស៍ហើយគាត់មករដូវ គាត់ទទួលនូវការរើសអើងច្រើនជាង។

សម្រាប់សម័យកាលបច្ចុប្បន្ន ឬសម័យឌីជីថលនេះ ខ្ញុំសង្កេតឃើញថា ការរិះគន់លើស្រ្តីដែលមានរដូវនៅតែមាននៅឡើយ ជាពិសេសនៅប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយនៅក្នុងសហគមន៍ក្រីក្រដែលប្រជាជនមានការអប់រំនៅក្នុងកម្រិតទាបនៅឡើយ។

ការរើសអើងអាចធ្វើឱ្យស្ត្រីហ្នឹង មិនបានទទួលបានការថែទាំសុខភាពបានត្រឹមត្រូវពេលមានរដូវ ហើយក៏អាចឱ្យស្ត្រីហ្នឹងបោះបង់នូវការចូលរួមក្នុងការងារសង្គមផ្សេងៗ ហើយជាពិសេសចំពោះសិស្សសាលា គាត់អាចបោះបង់ការសិក្សារបស់គាត់ជាដើម។ ដូច្នេះ សម្រាប់កម្ពុជា យើងទាំងអស់គ្នាត្រូវយល់ដឹង ហើយរួមចំណែកដើម្បីបញ្ឈប់ការរើសអើង និងលើកកម្ពស់ គាំទ្រដល់ស្រ្តីក្នុងពេលមានរដូវ។

ដោយមើលឃើញពីការរើសអើងទៅលើបញ្ហានេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំពិធីអបអរទិវានេះរយៈពេល៤ថ្ងៃ កាលពីថ្ងៃទី២៥- ២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមធានបទ «បញ្ឈប់ការរើសអើង» ដែលបានរៀបចំឡើងនៅទីតាំង ផ្សេងៗ មានសាលារៀន សហគមន៍ និងគ្លីនិក បង្ការ ព្យាបាល និងថែទាំបន្ត NCHADS-AHF ។ ជាមួយគ្នានេះ អង្គការក៏មានការចែកជូននូវសំឡីអនាម័យចំនួន ៣ ២០០កញ្ចប់ ដល់សិស្សានុសិស្ស និងក្មេងស្រីសហគមន៍ និងអតិថិជន ដើម្បីជាការអបអរដល់ទិវាសុខភាពពេលមករដូវជាសកល ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៨ ខែឧសភា ។

សំណួរ៖តើកន្លងមកអង្គការរបស់លោកបានចូលរួមជាសកម្មភាពអ្វីខ្លះដើម្បីលុបបំបាត់ការរើសអើងការមករដូវរបស់ស្រ្តីនៅប្រទេសកម្ពុជា?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ យើងបានធ្វើការងារនេះទាំងពីឆ្នាំ២០១៤ មកម៉្លេះ ហើយគ្រាន់តែជាការងារបន្ថែមទៅលើការងាររបស់អង្គការយើងខ្ញុំទេ។តាមពិតអង្គការយើងខ្ញុំជាអង្គការមួយដែលផ្ដោតទៅលើការព្យាបាលថែទាំ និងការពារអ្នកជំងឺអេដស៍ តែដោយសារមើលឃើញពីកង្វះខាតក៏ដូចជាតម្រូវការរបស់ស្ត្រីក្នុងពេលមានរដូវ យើងក៏រួមចំណែក។

ជាពិសេសគឺរួមចំណែកតាមរយៈ ការអប់រំ លើកកម្ពស់ការយល់ដឹងដល់ក្មេងស្រីនៅតាមសហគមន៍ក្រីក្រផ្សេងៗ ក៏ដូចជានៅតាមសាលារៀន ដើម្បីឱ្យគាត់យល់ដឹងពីការធ្វើអនាម័យក្នុងពេលមានរដូវ ដើម្បីយល់ដឹងអំពីធម្មជាតិរបស់គាត់ ដែលមិនអាចចៀសរួច។ លើសពីនេះទៅទៀត គឺយើងក៏បានចូលរួមចែកសំឡីអនាម័យ ហើយនិងសម្ភារប្រើប្រាស់ផ្សេងៗដល់ស្រ្តីនៅក្នុងសហគមន៍ក្រីក្រដើម្បីឱ្យគាត់យកទៅប្រើប្រាស់ក្នុងពេលមករដូវ ដើម្បីរួមចំណែកក្នុងការ លើកកម្ពស់សុខភាពរបស់ស្រ្តីរបស់យើង។

សំណួរ៖តើស្ថាប័នពាក់ព័ន្ធគួរធ្វើអ្វីបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសបុរសយល់ដឹងពីចំណុចនេះ និងបញ្ឈប់ការរើសអើងលើស្រ្តី?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ វាជាការប្រសើរប្រសិនជាយើងបញ្ចូលប្រធានបទនេះនៅក្នុងកម្មវិធីអប់រំផ្សេងៗ វាអាចរួមចំណែកនៅក្នុងការលើកកម្ពស់ការយល់ដឹងដល់បុរស ក៏ដូចជាស្ដ្រីខ្លួនឯង។

សំណួរ៖តើអ្វីជាការរំពឹងចង់បានរបស់លោកក្នុងនាមជាអ្នកធ្វើការគាំពារសុខភាពស្រ្តី?

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់៖ ខ្ញុំរំពឹងថាប្រជាជនរបស់យើងនឹងទទួលបានការយល់ដឹង ដើម្បីរួមចំណែកក្នុងការជួយគាំទ្រស្រ្តីរបស់យើង ជាពិសេសក្នុងពេលមានរដូវ យើងទាំងអស់គ្នាត្រូវយល់ដឹងថា នេះជាធម្មជាតិរបស់ស្ដ្រី។ ហើយបើយើងទាំងអស់គ្នាមានការយល់ដឹង មានការរួមចំណែកក្នុងការគាំទ្រ មិនមានការរើសអើង នោះស្ត្រីរបស់យើងនឹងទទួលបាននូវការថែទាំសុខភាពបានត្រឹមត្រូវនៅក្នុងពេលមានរដូវ ហើយនឹងរួមចំណែកដល់សង្គមរបស់យើងឱ្យកានតែប្រសើរ។

បើតាមអង្គការ AHF ក្នុងចំណោមមនុស្សជាង ១.៨ ពាន់លាននាក់នៅទូទាំងពិភពលោក អ្នកដែលមករដូវមានចំនួន ៥០០លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផលរក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមក
រដូវរបស់ពួកគេ។

សូមជមា្របថា ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយសម្រាប់កម្ពុជាត្រូវបានប្រារព្វឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ៕ ដោយ៖ ទិត្យ រានុពិចិត្រ

ads banner