ក្រសួងអប់រំ ទទួលពានរង្វាន់ពីអង្គការសុខភាពពិភពលោក ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់
ភ្នំពេញ៖ អង្គការសុខភាពពិភពលោកប្រចាំតំបន់ (WHO) បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ «ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់» ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាស្ថាប័នដែលមានភាពសកម្មមួយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា។

ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះការថ្លែងប្រាប់ពីឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោកបានប្រាប់ឱ្យដឹងថា មុននឹងក្រសួងបានទទួលនូវពានរង្វាន់នេះ ក្រសួងអប់រំ បានយកចិត្តទុកដាក់ និងសកម្ម លើបញ្ហាទាំងអស់នោះ ដោយបានចេញសេចក្ដីណែនាំ ជាច្រើន។ ក្រសួងសូមស្វាគមន៍ និងថ្លែងអំណគុណចំពោះការលើកទឹកចិត្ត និងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំដោយមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។
ឯកឧត្តម រស់ សុវាចា បានប្រាប់ដែរថា ក្រសួងក៏កំពុងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង ដោយបានសហការជាមួយដៃគូរការងារផ្សេងៗដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង។

ជុំវិញរឿងនេះ លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ក្រសួងអប់រំ ពិតជាស័ក្តិសមក្នុងការទទួលបានពានរង្វាន់ពីអង្គការសុខភាពពិភពលោកខ្លាំងណាស់ ពីព្រោះកន្លងមកក្រសួងនេះ បានធ្វើកិច្ចការងារជាច្រើន ក្នុងការចូលរួមទប់ស្កាត់ និងបង្ការ ចំពោះកុមារ និងយុវជន កុំឱ្យចាប់ផ្ដើមជក់បារី។
លោក មុំ គង់ ថ្លែងថា យើងដឹងហើយថា នៅពេលក្រុមហ៊ុនថ្នាំជក់គាត់មានសកម្មភាពអ្វីមួយជាមួយសាលារៀន គឺគាត់មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាឱ្យម៉ាកបារីរបស់គាត់ ត្រូវបានស្គាល់ដោយសិស្សសាលា ហើយបន្ទាប់មកសិស្សសាលាទាំងអស់នោះ នឹងក្លាយជាអតិថិជនរបស់គាត់។
ថ្លែងក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ២០២៣ នាថ្ងៃទី២៩ ខែឧសភា ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងឱ្យដឹងដែរថា ការទទួលបាននូវពានរង្វាន់នេះពិតជាបានឆ្លុះបញ្ចាំង និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។
កិច្ចការសំខាន់មួយនៃកិច្ចការសំខាន់ៗជាច្រើនដែលក្រសួងបានចូលរួមចំណែកទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាគឺ នៅឆ្នាំ២០២៣នេះ ក្រសួងបានអនុម័តការបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូនិងសិស្សថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ព្រមទាំងចែកផ្សាយជាជំហានដំបូងនៅទូទាំងប្រទេស។
បណ្ឌិត ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ពានរង្វាន់ដែលក្រសួងបានទទួលនាពេលនេះ ពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំ និងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សា និងពង្រឹងសមិទ្ធផលនាពេលកន្លងមកប្រកបដោយភាពស្វាហាប់។
ថ្នាំជក់ ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត ប៉ះពាល់ដល់សរីរាង្គទាំងអស់ និងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។
ការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំជក់អាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០បារី ជារៀងរាល់ថ្ងៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា មានការថយចុះ។
ក្រសួងបានបន្តថា អត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះពី ១៧ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥ភាគរយ ក្នុងឆ្នាំ២០២១ និងអត្រាប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី ១៧ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣ភាគរយ ក្នុងឆ្នាំ២០២១។
អត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ ១៣-១៥ឆ្នាំឡើង មានការថយចុះពី ៦.៣ភាគរយ ក្នុងឆ្នាំ២០១០ មកត្រឹម ២.៤ភាគរយក្នុងឆ្នាំ២០១៦៕ ដោយៈ ជា សុខនី