រដ្ឋមន្ត្រីក្រសួងការពារជាតិប្តេជ្ញាបង្កើនចំនួនស្ត្រីចូលរួមក្នុងកងកម្លាំងមួកខៀវ (Video Inside)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី២៩ឧសភានេះថា កម្ពុជាប្ដេជ្ញាបង្កើនចំនួនយោធិនជានារីឱ្យបាន២៥ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN។
ប្រសាសន៍ថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសចូល រួមទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិក្នុងខេត្តកំពង់ស្ពឺ។ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកចូសេប ស៊្ហូអើ (Joseph Scheuer) បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយនឹងប្តេជ្ញានេះ បានបញ្ជាក់ថា នៅក្នុងរយៈពេល១៧ឆ្នាំ មកនេះគឺរវាងពីឆ្នាំ ២០០៦ ដល់២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ ក្នុងនោះរួមស្ត្រីជាង ១៥%។
សម្តេចពិជ័យសេនាទៀបាញ់បានថ្លែងបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងស្ត្រីឱ្យបាន២៥% នៅគ្រប់បេសកកម្មរក្សាសន្តិភាពទាំងក្នុងកងនៅទីបញ្ជាការ, ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង ព្រមទាំងផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យរក្សាសន្តិភាពមួយចំនួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម»។
មន្ត្រីអង្គការសហប្រជាជាតិ លោក ចូសេប ស៊្ហូអើ បានបង្ហាញក្តីរំភើបរីករាយចំពោះយុទ្ធជន យុទ្ធនារីកម្ពុជា ដែលបានសម្រេចចិត្តចូលរួមជាមួយកម្លាំងកងទ័ពមួកខៀវ។ លោកបានថ្លែងថា «អ្នកទាំងអស់គ្នាបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ»។
កម្ពុជាក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាតិចំនួនជាង ៩ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ ដែលកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕