ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកកងមាស

កំពង់ចាម ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការដឹកនាំក្រុមការងារ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពខ្លួនឯងឲ្យល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ជាពិសេសគឺបង្ការសុខភាពពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្ដម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំកៀរគរថវិកា និងចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកកងមាសនេះ ក៏ដូចជានៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងស្រុកកងមាស ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner