អ្នកធាក់ស៊ីក្លូ៖ទោះពុំសូវមានភ្ញៀវទេសចរ ប៉ុន្តែក៏នៅមានថវិកមូលនិធិសម្តេចតេជោហ៊ុនសែន សម្រាប់ទ្រទ្រង់ជីវភាព
រាជធានីភ្នំពេញ៖ បើទោះបីមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ដោយសារជំងឺកូវីដ-១៩ និងការនិយមជិះស៊ីក្លូមានចំនួនថយចុះយ៉ាងច្រើនដោយសារតែកត្តាយានជំនិះទំនើបៗចូលលុកលុយក្តី ប៉ុន្តែអ្នកធាក់ស៊ីក្លូ ក៏ពុំ ឯកកា ដែរ ដោយពួកគាត់នៅមានសម្បុរសជន និង ពិសេសនៅមានមូលនិធិសម្តេចតេជោហ៊ុនសែនគ្រាន់ដោះស្រាយជីវភាពផងដែរ។
គួរបញ្ជាក់ថាស៊ីក្លូ គឺជាយានជំនិះ ដែលបានកកើតឡើងនៅក្នុងសម័យអាណាព្យាបាលបារាំង និងជាទីពេញនិយមសម្រាប់ពលរដ្ឋនាសម័យនោះ ហើយបន្តមកដល់សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ ឬសម័យ លន់ នល់ និងសាធារណៈរដ្ឋកម្ពុជានាដើមទស្សវត្សឆ្នាំ១៩៨០ជាដើម។
ប្រធាន សមាគម អភិរក្ស ស៊ីក្លូ មុខរបរក្រៅប្រព័ន្ធ លោក អ៊ឹម សម្បត្តិបានឱ្យដឹងថា៖ក្នុងសមាគមរបស់លោកមានស៊ីក្លូជាប្រចាំទុកសម្រាប់ពលរដ្ឋខ្មែរដែលមានបំណងប្រកបរបរនេះអាចមកចូលរួមសមាគម របស់លោកបានរៀងរាល់ពេល។
ទាក់ទិន នឹង របរធាក់ស៊ីក្លូនាពេលនេះត្រូវបានលោក អ៊ឹមសម្បត្តិបានបង្ហើបប្រាប់ថានារដូវកាលពេលនេះមានការខ្សត់ភ្ញៀវទេសចរ ហើយភាគច្រើនពួកគាត់ទំនេរ ។សម្រាប់ភ្ញៀវក្នុងស្រុកពុំសូវមានទេពោលគឺបើមានគឺមានអ្នកដើរផ្សារ ឬទិញទំនិញតិចតួចមួយៗប៉ុណ្ណោះឯង។ពួកគាត់ភាគច្រើនពឹងផ្អែកលើភ្ញៀវទេសចរបរទេស។នាពេលនេះដែរដោយសារជារដូវកាលខ្សត់ភ្ញៀវ ទេសចរពោលគឺចាប់ពីខែ៤ដល់ខែ១០ធ្វើឱ្យពួកគាត់ទំនេរច្រើន។ក្នុងអំឡុងពេលនេះពួកគាត់អាចរកបានមួយគ្រប់ៗជីវភាពដែលពួកគាត់ខ្លះវិលទៅស្រុកកំណើត និង ខ្លះទៀតបន្តដឹកដំណើរភ្ញៀវធម្មតា។ដោយឡែកបើចាប់ពីខែ១០ដល់ខែ៣ វិញពួកគាត់សម្បូរ ភ្ញៀវទេសចរដឹកដែលអាចរកចំណូលចាប់ពី ២០០០០ ដល់ ២៥០០០រៀលក្នុងមួយថ្ងៃ។
ប្រធាន សមាគម អភិរក្ស ស៊ីក្លូ មុខរបរក្រៅប្រព័ន្ធរូបនេះបានឱ្យដឹងដែរថា៖”ទោះបីយ៉ាងណាក្តីក្រុមអ្នកធាក់ស៊ីក្លូពួកគាត់មានប្រាក់ មូលនិធិ ត្រីចក្រយាន របស់សម្តេចតេ ជោហ៊ុនសែន និងតាមរយៈសាលារាជធានីភ្នំពេញពួកគាត់ទទួលក្នុងមួយថ្ងៃ៧០០០រៀលហើយ១០ថ្ងៃពួកគាត់អាចទៅបើកបានម្តង។ក្រៅពីនេះពួកគាត់មាន បណ្ណសមធម៌ ទៀតពោលគឺពេលពួកគាត់ឈឺទៅមន្ទីរពេទ្យរដ្ឋគឺមិនត្រូវបានគេគិតប្រាក់ទេ។នេះជាគុណបំដាច់មួយដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា”។
លោក ចេង ចន វ័យ ៧០ ឆ្នាំ រស់នៅ ខេត្ត តាកែវ ដែលបានប្រកបរបរធាក់ស៊ីក្លូ ចាប់តាំងតែពីឆ្នាំ១៩៩៧ មកបានឱ្យដឹងថាការធាក់ស៊ីក្លូមានការធ្លាក់ចុះច្រើន ហើយផ្គួបផ្សំជាមួយកម្លាំងថមថយចុះតាមវ័យជរាផងបានធ្វើឱ្យ លោកជួបស្ថានភាពលំបាក ប៉ុន្តែយ៉ាងណាក្តីដោយមានការជួយគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជា ពិសេសការជួយឧបត្ថម្ភជាម្ហូបអាហារ ប្រាក់កាសធ្វើឱ្យរូបលោកមិនជួបស្ថានភាពលំបាក ដូចមុនឡើយ។
បញ្ជាក់ប្រាប់ដូចគ្នានេះដែរ លោក ប៉ុល ហ៊ន អាយុ ៧១ឆ្នាំ ដែលបានប្រកបរបរធាក់ស៊ីក្លូ តាំងតែពីឆ្នាំ ១៩៨៧មកបានឱ្យដឹងថាក្រៅពីដឹកអតិថិជនតាមផ្សារដែលអាចជួយដោះស្រាយម្ហូបបាយទឹក រៀងរាល់ថ្ងៃហើយ លោកនៅមានបណ្ណសមធម៌សម្រាប់បើកថវិការជួយទ្រទ្រង់ជីវភាពយ៉ាងសំខាន់មួយទៀតដល់រូបលោក ក៏ដូចជាអ្នកធាក់ស៊ីក្លូដទៃទៀត។
លោក ទេព សំអាន អាយុ ៦២ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា៖បច្ចុប្បន្ន លោកធ្លាប់បានធាក់ស៊ីក្លូត្រង់ម្តុំ ផ្សារអូរឬស្សី ផ្សារថ្មី ផ្សារកណ្តាល ផ្សារដើមគ ជាដើម។លោកបានប្រកបរបរនេះតាំងតែពីសម័យពលរដ្ឋខ្មែរចាយលុយ មួយកាក់ ពីរកាក់ ប្រាំកាក់ មួយរៀល ។មុខរបរនេះលោកបានចាប់ផ្តើមពីដើមឆ្នាំ ១៩៨០ រហូតមកដល់បច្ច្ុប្បន្ន។
ដោយឡែក លោក សូរ ម៉ុង អាយុ ៦៥ឆ្នាំ រស់នៅ ខេត្ត ព្រៃវែង ដែលប្រកបរបរធាក់ស៊ីក្លូ កាលពី ឆ្នាំ ២០០១មកបានឱ្យដឹងថា៖មុខរបរ លោក បច្ចុប្បន្នភាគច្រើនដឹកភ្ញៀវទេសចរ មកពី អឺរ៉ុប និងមួយផ្នែកពលរដ្ឋកម្ពុជា។
លោកបានឱ្យដឹងផងថា៖បច្ចុប្បន្ននេះទោះពុំមានភ្ញៀវដឹកច្រើន ប៉ុន្តែ លោកក៏អាចមានថវិការតាមរយៈមូលនិធិសមធម៌ និង សម្បុរសជនសម្រាប់ដោះស្រាយជីវភាពបានល្អប្រសើរជាងមុន ហើយបញ្ហានេះមិនមែនតែលោកម្នាក់ឯងទេសូម្បីតែមិត្តភក្តិអ្នកធាក់ស៊ីក្លូដទៃទៀតក៏មានសភាពជីវភាពនេះដូចគ្នា។
គួរបញ្ជាក់ថា៖សម្តេច តេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីកាលពីដើម ខែមករា ឆ្នាំ២០១៨កន្លងមក បានប្រកាសអនុញ្ញាតឲ្យបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។បន្ថែមពីលើការជួយសម្រួលដល់សេវាគាំពារសុខភាពរបស់អ្នកស៊ីក្លូហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសបង្កើតមូលនិធិមួយទៀតសម្រាប់ទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូថែមទៀត៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត