៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ម៉ឺន ២ពាន់ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ ប្រទេសកម្ពុជាផងដែរ ក៏មានករណីឆ្លងថ្មីចំនួន១១ករណីថែមទៀត ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ នេះជាករណីឆ្លងកើនឡើងចំនួន ៦ករណី នៅកម្ពុជា បើប្រៀបធៀបនឹងសប្តាហ៍មុន។ សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថាការឆ្លងទាំង ១១ករណី នៅនោះបានរកឃើញនៅថ្ងៃសៅរ៍ចំនួន ៦ករណី, ថ្ងៃអាទិត្យ មាន១ករណី និងនៅថ្ងៃច័ន្ទនេះ មាន៤ករណីផងដែរ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ២ពាន់ ១១៤ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៩ពាន់ ៦៧២ករណី ធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។

ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥ពាន់ ៦៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសារុបមានចំនួន ៣៦លាន ៨ម៉ឺន ៥ពាន់ ៣៣០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៨០៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕

ads banner