NEA នឹងរៀបចំវេទិកាទស្សនកិច្ចការងារក្នុងខេត្តចំនួន៤ ដោយនាំយកឱកាសការងារសរុបជាង ១ម៉ឺន ៥ពាន់កន្លែងដល់យុវជន

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ មាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយនាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នេះ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នេះ នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀម នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។
សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕ ដោយ ៖ ហេង សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner