វៀតណាមទទួលបានអ្នកដំណើរតាមជើងហោះហើរ ៤៥,៥លាននាក់ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ
ហាណូយ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានឱ្យដឹងថា អាកាសយានដ្ឋាននៅក្នុងប្រទេសវៀតណាម បានបម្រើអ្នកដំណើររហូតដល់ ៤៥,៥លាននាក់ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៣នេះ កើនឡើង ៣៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ អាកាសយានដ្ឋាននៅក្នុងប្រទេសវៀតណាម បានបម្រើអ្នកដំណើររហូតដល់ ៤៥,៥លាននាក់ ក្នុងចំណោមតួលេខនេះ មានជនបរទេស ១២លាននាក់ និងអ្នកដំណើរក្នុងស្រុក ៣៣,៤លាននាក់។ គិតត្រឹមខែឧសភាតែមួយប៉ុណ្ណោះ អាកាសយានដ្ឋានទូទាំងប្រទេសវៀតណាមបានបម្រើអ្នកដំណើរ ៩លាននាក់ កើនឡើង ៣.២ភាគរយ បើធៀបនឹងខែមុន។
ចំណែកនៅចន្លោះខែមករា និងខែឧសភា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកមនុស្ស ២២.៤លាននាក់ កើនឡើង ៣៦.៩ភាគរយ។ ក្នុងនោះមានអ្នកដំណើរក្នុងស្រុកសរុប ១៦,៧លាននាក់ កើនឡើង ៥,៧ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ចំនួនអ្នកដំណើរបរទេសបានកើនឡើងដល់ ៥,៧លាននាក់ កើនឡើង ៥,៥២៥.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងភ្លាមៗនៃចំនួនអ្នកដំណើរនេះ ដោយសារតែវិធានការរឹតបន្តឹងលើការធ្វើដំណើរតាមជើងហោះហើរក្នុងរយៈពេលជាង ២ឆ្នាំ ព្រោះការរាតត្បាតនៃជំងឺកូវីដ១៩ត្រូវបានបន្ធូរបន្ថយ ទើបនាំឱ្យមានភាពប្រសើរឡើងនៃលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ប្រទេសវៀតណាម៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា