ថៃព្រួយបារម្ភខ្លាំង ខណៈវៀតណាម និងហ្វីលីពីនសំរុកនាំចេញផ្លែទុរេនចូលទីផ្សារចិន
បាងកក៖ កសិករដាំទុរេននៅប្រទេសថៃត្រូវបានជំរុញឱ្យរក្សាគុណភាពផ្លែឈើរបស់ខ្លួន ពីព្រោះពួកគេកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីគូប្រជែងវៀតណាម និងហ្វីលីពីន សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃ លោកភូសិត រតនាគុល សេរីរឿងគ្រឹត បាននិយាយថា របាយការណ៍ពីការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងណាននីង ប្រទេសចិន បានបង្ហាញថា តម្លៃលក់ដុំនៃផ្លែទុរេននៅចិនបានធ្លាក់ចុះនៅដើមខែឧសភានេះ។
បើតាមរបាយការណ៍ តម្លៃទុរេននៅចិនបានធ្លាក់ចុះខ្លាំងនៅដើមខែឧសភានេះ ដោយសារការផ្គត់ផ្គង់កើនឡើង បន្ទាប់ពីអ្នកលក់ដុំរបស់ចិនបានបង្កើនការនាំចូលពីប្រទេសវៀតណាម និងហ្វីលីពីន។ នៅដើមខែឧសភា តម្លៃទុរេនម៉ាន់ថងរបស់ថៃ បានធ្លាក់ចុះមកនៅចន្លោះពី ៣៦ ទៅ ៤៨យ័ន ឬប្រហែល១៧៧ ទៅ ២៦៦បាតក្នុងមួយគីឡូ។
ចំណែកតម្លៃទុរេនពីវៀតណាមមានតម្លៃចន្លោះពី ៣២ ទៅ ៤១យ័នក្នុងមួយគីឡូ ខណៈដែលតម្លៃទុរេនពីហ្វីលីពីនមានចន្លោះពី ៣៧ ទៅ ៤៥យ័នក្នុងមួយគីឡូក្រាម។ តម្លៃដំបូងរបស់ទុរេនថៃ ធ្លាប់ហក់ឡើងដល់ ៥២ ទៅ ៥៨យ័នក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលខែឧសភា ដោយសារវាជាចុងបញ្ចប់នៃរដូវប្រមូលផលនៅក្នុងខេត្តភាគខាងកើត។
សូមរម្លឹកថា កាលពីឆ្នាំមុន ចិនបាននាំចូលទុរេនចំនួន ៨២៥,០០០តោន មានតម្លៃ ៤.០៣ពាន់លានដុល្លារ ដែលក្នុងនោះ ៩៤.៥៥ភាគរយ ឬប្រហែល៧៨០,០០០តោននាំចូលមកពីប្រទេសថៃ។ យោងតាមរបាយការណ៍ពីទីក្រុងណាននីង ការនាំចូលទុរេនតាមច្រកព្រំដែនក្បែរទីក្រុងរបស់ខ្លួនបានកើនឡើងនៅឆ្នាំនេះ។ តួយ៉ាងចាប់ពីខែមករា ដល់ខែមីនាកន្លងទៅ ទុរេនសរុបចំនួន ៦១,០០០តោន ត្រូវបាននាំចូលតាមច្រកព្រំដែន ហើយក្នុងខែមេសា មានចំនួន ៦០,០០០តោន ត្រូវបាននាំចូលតាមច្រកព្រំដែន៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា