សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ក្រសួងការពារជាតិ ជ្រើសស្ត្រីក្នុងក្របខណ្ឌកងទ័ពមួកខៀវកម្ពុជា ដើម្បីចេញធ្វើការក្រោមឆ័តអង្គការសហប្រជាជាតិ
កំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ កងកម្លាំងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រារព្ធធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៥ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨រហូតមកដល់បច្ចុប្បន្ននេះ ។
ម្តេចពិជ័យសេនា ទៀ បាញ់ សង្កត់ធ្ងន់ថា ថ្ងៃខាងមុខក្រសួងការពារជាតិ ជ្រើសស្ត្រីក្នុងក្របខណ្ឌកងទ័ពមួកខៀវកម្ពុជា ដើម្បីចេញធ្វើការក្រោមឆ័តអង្គការសហប្រជាជាតិឲ្យមានចំនួនច្រើន ពីព្រោះជួយសម្របសម្រួលកិច្ចការបានច្រើនក្នុងបេសកម្ម ។
បើតាមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រីប្រមាណជាង ១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីប្រមាណ ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះកម្លាំងរក្សាសន្តិភាពកម្ពុជាមានចំនួន ១១នាក់ផងដែរ ៕ ម៉ុន សំអាត