ឯកឧត្តម ជា វ៉ាន់ដេត ៖ វត្តអារាម មកជាទីសក្ការៈបូជា សំរាប់ប្រជាពុទ្ធបរិស័ទគ្រប់ទឹសទីឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ៧មករា
ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា វត្តអារាម នៅក្នុងសម័យសង្រ្គាម គឺជាទីកន្លែងដាក់ឃុំ ឃាំង ធ្វើទុក្ខ បុកម្នេញ កាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថាប៉ុលពត ត្រូវរស់រាន ប្រែក្លាយជាទៅកន្លែងទីសក្ការៈបូជា គោរពប្រតិបត្តិ របស់ប្រជាពលរដ្ឋមកពីគ្រប់ទឹសទី នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។ ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ៧មករា រដ្ឋ និងប្រជាពលរដ្ឋ បានចូលរួមចំណែកនៅក្នុងការកសាងឡើងវិញជាបន្តបន្ទាប់ ដែលរហូតដល់បច្ចុប្បន្ននេះ មានវត្តប្រហែលជា៥ពាន់វត្តនៅទូទាំងប្រទេស ខណៈដែលវត្តប្រមានជា៧០០ ដែលមានអាយុកាលមិនក្រោម៨០០ឆ្នាំនោះទេ។
ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាតើឬស្សសីមាវត្តក្រាំពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ឯកឧត្តម បន្តថា បច្ចុប្បន្ននេះ នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ មានព្រះសង្ឃ ប្រមាណជា ៧ម៉ឺនអង្គ ខណៈដែលព្រះសង្ឃដែលកំពុងបួសរៀននៅតាមទីវត្តអារាម នៅសាលាពុទ្ធិកបឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យមានប្រមាណជា ២ម៉ឺនអង្គ។ ឯកឧត្តម ជា វ៉ាន់ដេត បន្តទៀតថា វត្តអារាមមិនត្រឹមតែជាទីគោរពប្រតិបត្តិសាសនាតែប៉ុណ្ណោះទេ ថែមទាំង ជាទីកន្លែងបណ្តុះបណ្តាលធនធានមនុស្ស តាមបែបព្រះពុទ្ធសាសនា និងបានចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាព មិនទាន់សមរម្យ អាចយកកូនចៅមកបួស រៀនសូត្រផងដែរ ។
ឯកឧត្តម បញ្ជាក់ថា អាណាចក្ររីកចម្រើន ព្រះពុទ្ធសាសនាក៏រីកចម្រើនស្របគ្នា ហើយសំខាន់បំផុតនោះ កម្ពុជា មិនទាន់មានជំលោះបែកបាក់ដោយសារសាសនានោះទេ ខណៈដែលសាសនា ជាច្រើនផ្សេងទៀត ក៏បានរួមរស់ជាមួយគ្នា ទៅតាមការគោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋ ក្នុងនោះ ៨០ ភាគរយ គឺបានគោរពប្រតិបត្តិព្រះពុទ្ធសានា។
ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា សាសនារីកចម្រើនទៅបានគឺអាស្រ័យទៅលើសន្តិ ដែលពាក្យនេះ ទៅទីណា ក៏ឃើញ ឮ ពីគ្រប់ទឹសទី នូវ ពាក្យអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ការធ្វើសមាហរណកម្ម ក្រោមមគ្គុទេសន៍ដឹកនាំ ដ៏ឆ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនននាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅចុងឆ្នាំ១៩៩៨ និងមានការអភិវឌ្ឍន៍ រីកចម្រើនរហូតមកទល់និងសព្វថ្ងៃនេះ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា