ឡាវគ្រោងដាំកូនឈើជាង៣លានដើមនៅថ្ងៃរុក្ខទិវា
វៀងចន្ទន៍៖ ប្រទេសឡាវនឹងដាំកូនឈើជាង៣លានដើមទូទាំងប្រទេស ដើម្បីអបអរសាទររុក្ខទិវា ឬ Arbor Day នៅថ្ងៃព្រហស្បតិ៍ទី០១ ខែមិថុនា ឆ្នាំ២០២៣។
ឡាវគ្រោងនឹងដាំកូនឈើប្រមាណ ៣.៤៨៤.០០០ដើមនៅលើផ្ទៃដី ៣.៤៨០ហិកតា ក្នុងខេត្តចំនួន ១៩ ទូទាំងប្រទេសឡាវ។ កូនឈើទាំងនោះ នឹងដុះទៅជាដើមឈើដែលមានប្រភេទឈើជាច្រើន រួមមានឈើគ្រញូង, ឈើដែក, ឈើទា និងប្រភេទឈើត្រូពិចផ្សេងទៀត។
នាយកដ្ឋានរុក្ខាប្រមាញ់ នៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានដាក់ចេញក្នុងផែនការ ៥ឆ្នាំ (២០២១-២០២៥) ក្នុងការដាំដើមឈើនៅលើផ្ទៃដី ២០០.០០០ហិកតា ឬប្រមាណ ៤០.០០០ហិកតាក្នុងមួយឆ្នាំ ដើម្បីបង្កើន ៧០ភាគរយនៃផ្ទៃដីព្រៃឈើជាតិ។
លោក ប៊ុនផន សេងថុង អគ្គនាយករង នៃអគ្គនាយកដ្ឋានរុក្ខាប្រមាញ់ បាននិយាយថា ក្រសួងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងនាយកដ្ឋានរបស់លោក បានរៀបចំផែនការជំរុញការដាំដើមឈើឡើងវិញនៅថ្ងៃរុក្ខទិវា ជាពេលដែលសមាជិកក្នុងសង្គម និងសហគមន៍ត្រូវបានលើកទឹកចិត្តឱ្យដាំដើមឈើ។
ទន្ទឹមគ្នា លោក ប៊ុនផុន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវគ្រប់គ្រង ថែរក្សា និងការពារដើមឈើថ្មីដែលនឹងដាំ ហើយការពារព្រៃឈើដែលនៅសេសសល់ ដោយដាក់ស្លាកសញ្ញាហាមឃាត់ការកាប់ឈើខុសច្បាប់នៅតាមតំបន់នានាទូទាំងប្រទេសឡាវ៕ ប្រភព៖ Vientiane Times ប្រែសម្រួលដោយ៖ ឈឹម ទីណា