សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មី ក្នុងគោលដំណងចូលរួមចំណែកអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេច បញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន ៤ពុទ្ធិកមហាវិទ្យាល័យរួមមាន៖ ១-ពុទ្ធិក មហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ, ២-ពុទ្ធិកមហាវិទ្យាល័យបាលី -សំ ស្រ្កឹត និងភាសាបរទេស, ៣-ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង ៤-ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា ដោយបណ្តុះបណ្តាលលើ ៧ឯកទេសរួមមាន៖ អក្សរសាស្ត្រខ្មែរ, ទស្សនវិជ្ជាព្រះពុទ្ធសាសនា, វិទ្យាសាស្ត្រអប់រំ, នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, អក្សរសាស្ត្រអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ។
ជាងនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ លើ ឯកទេសចំនួន៧ ដូចជា៖ ១. អក្សរសាស្ត្រខ្មែរ, ២. គ្រប់គ្រងទូទៅ, ៣. បង្រៀន ភា សា អង់គ្លេស, ៤. វិទ្យាសាស្ត្រអប់រំ, ៥. រដ្ឋបាលសាធារណៈ, ៦. នីតិឯកជន និង៧. ទស្សន វិជ្ជាព្រះពុទ្ធសាសនា។
ក្រោយពេលបញ្ចប់ការសិក្សា សមណនិស្សិត និស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា បត្រ ជាន់ ខ្ពស់គ្រប់ជំនាន់ទទួលបានការប្រោសព្រះរាជទានសញ្ញាបត្រពី ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅតែពីអគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះ សីហមុនី រាជាមានអគារសិក្សាចំនួន៣ផ្សេងទៀត រួមមាន៖ ទី១. អគារព្រះករុណា ព្រះ មហាក្សត្រ សីហមុនី មាន ៩បន្ទប់, ទី២. អគាររដ្ឋបាល មានចំនួន ៩បន្ទប់, ទី៣. អគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ២៤បន្ទប់៕ ដោយ វណ្ណលុក