ជប៉ុន បានផ្ដល់ជំនួយជាង ៦៣ ម៉ឺនដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ជប៉ុនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាង ៦៣ ម៉ឺនដុល្លារ​ សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុ​ងការអនុវត្តគម្រោងឆ្នាំទី២ «លុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន ក្នុងប្រទេសកម្ពុជា» ដែ​លបានផ្ដល់ជូនអង្គការ សង្រ្គោះកុមារ(Save the Children) ប្រចាំកម្ពុជា។

​ពិធីចុះហត្ថលេខានេះ បានធ្វើឡើង​នា​រសៀលថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០២៣ នាស្ថានទូតជប៉ុនប្រចាំក ម្ពុជា​ ក្រោមអធិបតីភាព​​ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោកស្រី មិយ៉ាវ៉ាគិ ម៉ាណា ប្រធានគម្រោងគាំពារកុមារ និងភាពជាដៃគូ នៃSave the Children ជប៉ុន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា​បាន​ឱ្យដឹងថា ​​​ការចុះហត្ថលេខា​ផ្តល់ជំនួយនេះ បានបង្ហាញនូវ​វឌ្ឍនភាពរបស់គម្រោងនេះ ពីឆ្នាំទី១មក ដែលអង្គការ Save the Children បាន​បន្តសកម្មភាពមកដល់​​ឆ្នាំទី២នេះទៀត​ ក្នុងការលុបបំបាត់អំពើហិង្សា នៅក្នុងសាលារដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម។គម្រោងនេះ​រក្សាបាននូវមុខងារប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមារ រួ​មទាំងយន្តការសម្រាប់ការរាយការណ៍នៅតាមសាលារៀន និងតំបន់ ដោយអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការបង្កើតប្រព័ន្ធ និងការតស៊ូមតិផ្នែកគោលនយោបាយ ដោយមានការសហការពីភាគីពាក់ព័ន្ធក្នុងសាលារៀន រួមមានកុមារ គ្រូបង្រៀន និងមន្រ្តីរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងនាពិធីនោះ​ថា ៖ «តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមថាកុមារនៅកម្ពុជា នឹ​ងអាចសិក្សានៅក្នុងបរិស្ថានគ្មានអំពើហិង្សា ដែលមានសុវត្ថិភាព និងមានលក្ខណៈល្អជាងមុន ដែ​ល​នឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ»។

​តាមរយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ Save the Children ប្រចាំកម្ពុជា ​លោកស្រី មិយ៉ាវ៉ាគិ ម៉ាណា ប្រធានគម្រោងគាំពារកុមារ និងភាពជាដៃគូនៃ Save the Children ជប៉ុន បានលើកឡើងដែរថា ការផ្ដល់ជំនួយឥតសំណងបន្តសកម្មភាពក្នុងឆ្នាំទីពីរ គឺជាឆ្នាំដ៏សំខាន់មួយទៀតដើម្បីពង្រឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សាលា ហើយអង្គការ Save the Children ប្តេជ្ញាចិត្តពង្រឹងសមត្ថភាព និងធនធានរបស់សាលាបន្ថែមទៀតដើម្បីឱ្យពួកគេអាចផ្តួចផ្តើមគំនិតក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាដែលកើតឡើង។

លោកស្រី មិយ៉ាវ៉ាគិ ម៉ាណា បាន​បញ្ជាក់ថា យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ​ដំបូងនៃគម្រោងដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ។

លោកស្រីបន្តថា ៖ «យើងបានធ្វើការជាមួយសិស្ស និងគ្រូបង្រៀនដើម្បីបង្កើតផែនការសកម្មភាពដើម្បីប​ញ្ចប់អំពើហិង្សានៅក្នុងសាលារៀន និងបានធ្វើការឆ្លុះបញ្ចាំងពីការអនុវត្តក្នុងពេលបច្ចុប្បន្ន និងធ្វើឱ្យយន្តការកិច្ចការពារកុមារកាន់តែមានភាពប្រសើរឡើង»។  

​ក្រៅពីនេះក៏បានដំណើរការវគ្គបណ្តុះបណ្តាលដើម្បីកសាងសមត្ថភាព គណៈកម្មការគ្រប់គ្រងសាលារៀន និងក្រុមប្រឹក្សាកុមារ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងប្រព័ន្ធកិច្ចការពារកុមារនៅក្នុងសាលារៀន និងសហគមន៍ ដើម្បីកំណត់ និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើហិង្សានៅក្នុងសាលារៀន។ លោកស្រី មិយ៉ាវ៉ាគិ ម៉ាណា បានបន្ថែម។

សូមបញ្ជាក់ថា បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងគម្រោងនេះ អង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្តាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SBCPM) និងតស៊ូមតិដើម្បីកិច្ចការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន។

តាមរយៈគម្រោងនេះ សិស្សប្រមាណ ១២,០០០នាក់ និងគ្រូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុន ដែលនឹងនាំឱ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ៕ ដោយ៖ជា សុខនី

ads banner