អភិបាលខេត្តខេត្តកំពង់ធំ អរគុណនាយទាហាននៃបញ្ជាការដ្ឋានសឹករងខេត្ត ដែលតែងតែចូលរួមបម្រើក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក
កំពង់ធំ៖ អភិបាលខេត្តខេត្តកំពង់ធំ អរគុណនាយទាហាន នៃបញ្ជាការដ្ឋានសឹករងខេត្ត ដែលតែងតែចូលរួមបម្រើក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងដូចនេះ ក្នុងឱកាសដែលឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ ដឹកនាំសហការី នាំយកថវិកាចំនួន៣លាន ៥សែនរៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ជារៀងរាល់ឆ្នាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបាននាំយកនូវថវិកា ដែលជាការចូលរួមបរិច្ចាកដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជន ពិសេសប្រជាជន ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែចូលរួមប្រគល់ថវិកាជារៀងរាល់ឆ្នាំជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងបានធ្វើសកម្មភាពជួយដោះស្រាយនូវរាល់ការលំបាកជូនអតីតយុទ្ធជននិងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ ៕ ដោយ ប៊ុន រដ្ឋា