ចេកជ្វា ប្រើបានទាំងធ្វើបន្លែ និង ព្យាបាលរោគជំងឺបានច្រើនមុខ និងក្នុងនេះរួមទាំងបំបាត់អាការទឹកនោមផ្អែម
ភ្នំពេញ៖ ចេកជ្វា ឬចេកគ្រាប់ – Wild starchy banana ជារុក្ខជាតិ ដែលគេនិយមដាំនៅតាមស្រុកស្រែ ចម្ការ ដើម្បីយក ដើម ត្រយូង ផ្លែខ្ចី និងស្លឹក មកធ្វើជាបន្លែ និងប្រើប្រាស់ក្នុងការវេចខ្ចប់ វាមានប្រភពដើមនៅទ្វីបអាស៊ី និងកោះនៃអូសេអានីក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានបង្ហាញពីលក្ខណៈពិសេសៗរបស់ចេកជ្វាដូចជា៖
-លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) តួដើមគ្មានសាច់ឈើ ដើមមូលវែង មានកម្ពស់ ៣-៥ម មានស្រទាប់ និងជាតិទឹកច្រើន។ ស្លឹកធំវែង ផ្ទៃស្លឹកខាងលើពណ៌បៃតងចាស់ ផ្ទៃស្លឹក ខាងក្រោមមានម្សៅពណ៌ស។ ទងទ្រកញ្ចុំផ្កាមានប្រវែង ៣០-៦០ស.ម ។
កញ្ចុំផ្កាជា កួរ (spike) កោងចុះក្រោម មានស្ទប (bract) ពណ៌ក្រហមស្រស់ មានម្សៅពណ៌ស នៅផ្ទៃក្រៅ។ ស្ទបផ្កាញីតែងជ្រុះ ស្ទបផ្កាឈ្មោលមិនជ្រុះទេ។ នៅផ្នែកក្រោមនៃស្ទង មានផ្កាញី តម្រៀបជា ២ជួរ នៅផ្នែកកណ្តាលមានផ្កាទ្វេភេទ ដល់ចាស់ជ្រុះអស់ នៅផ្នែកលើ មានផ្កាឈ្មោលច្រើន ១៥-២០ ពណ៌ផ្កាឈូក តម្រៀបជា ២ជួរ។ ផ្លែបន្តគ្នា ផ្លែនីមួយៗមានទងប្រវែង១-២ស.ម អាចមាន៣-៦ស្និត ផ្លែមានគ្រាប់ច្រើន។
-លក្ខណៈជីវសាស្រ្ត៖ ប្រភេទនេះបង្កាត់ជាមួយប្រភេទ Musa acuminata អាចឱ្យប្រភេទកាត់ Musa x paradisiaca ដែលឱ្យផ្លែចេកគ្មានគ្រាប់ ហើយមនុស្សទូទៅបរិភោគជាធម្មតារៀង រាល់ថ្ងៃ។ ដើមមានផ្លែតែ១ដងទេ ហើយងាប់។ កូនដើមដុះចេញពីគល់ នេះជាការ បន្តពូជប្រកបដោយនិរន្តភាពនៃដើមចេក។
លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមតំបន់ក្តៅបង្គួរ ជាដំណាំបង្កាត់ពូជច្រើនដំណ។
ការប្រើប្រាស់៖
-ជាបន្លែ៖ ដើមសម្រាប់ធ្វើបន្លែអន្លក់ និងចំណីសត្វ។ ត្រយូងធ្វើជាបន្លែ និងផ្លែខ្ចី សម្រាប់ធ្វើជ្រក់។ ស្លឹកសម្រាប់វេចនំ និងខ្ចប់របស់ផ្សេងៗ។
-ជាឱសថ៖ ផ្លែខ្ចីសម្រាប់ព្យាបាលអាការៈមិនរលាយអាហារ ផ្លែទុំសម្រាប់ព្យាបាលទល់ លាមក ឬខ្សោយកម្លាំង។ ដើមព្យាបាលជំងឺទឹកនោមផ្អែម ៕ ដោយ ៖ ម៉ាដេប៉ូ