ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងនាំយកឱកាសការងារ ១៥.០០០កន្លែងដល់យុវជនកម្ពុជា តាមរយៈវេទិកាការងារក្នុងខេត្តចំនួនបួន
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួនបួន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ថា ទស្សនកិច្ចការងារស្តីនេះ គឺជាការនាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

វេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤នោះរួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ចាម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការងារ បានលើកឡើងដែរថា វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។
ក្រសួងអះអាងថា ៖ «វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ»។

កម្មវិធី វេទិកាទស្សនកិច្ចការងារ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀម ថ្ងៃទី២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃទី៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃទី៦ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ៖ «ដូច្នេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង បួន កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត»។
ពាក់ព័ន្ធនឹងឱកាសការងារនេះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត គិន ភា បានប្រាប់ឱ្យដឹងថា នេះជាឱកាសដ៏ល្អប្រសើរ សម្រាប់យុវជនកម្ពុជា ក្នុងការស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារមួយដែលសមរម្យ និងមានប្រាក់ចំណូលបន្ថែម។ លោកមើលឃើញថា កន្លងមកយើងឃើញថា នៅស្រុកយើង អ្នកដែលត្អូញត្អែរពីអត់ការងារធ្វើនៅតែមាន ឯក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្មបុគ្គលិកក៏នៅតែមាន។ចំណុចនេះប្រហែលមកពីកង្វះព័ត៌មាន និងការផ្សព្វផ្សាយបានទូលំទូលាយនៅឡើយ។
លោកបានបន្តដោយលោកលើកទឹកចិត្តឱ្យបង្កើតពិព័រណ៍ឱកាសការងារបែបនេះឱ្យបានច្រើននៅកម្រិតទូទាំងប្រទេស ដើម្បីឱ្យពលរដ្ឋ និងយុវជនកម្ពុជា ចាប់បានឱកាសការងារសមរម្យមួយ។
ជាមួយគ្នានេះ បណ្ឌិត គិន ភា ក៏បានជំរុញឱ្យយុវជនកម្ពុជា គួរតែខិតខំប្រឹងប្រែងចាប់យកជំនាញវិជ្ជាជីវៈ និងចំណេះដឹងពិតប្រាកដទៅលើជំនាញណាមួយ ចៀសវាងយកតែសញ្ញាប័ត្រខ្ពស់ ប៉ុន្តែមិនអាចបំពេញការងារកើត។ ហេតុនេះ ការមានជំនាញមួយច្បាស់លាស់ បូករួមនឹងចំណេះដឹងភាសាបរទេស ចំណេះព័ត៌មានវិទ្យា ភាពស្មោះត្រង់ តស៊ូ និងអំណត់ជាដើមនោះ នឹងធ្វើឱ្យយុវជនកម្ពុជា អាចទទួលបានការងារល្អ និងប្រាក់បៀវត្សន៍ខ្ពស់៕ ដោយ៖ បូរ ពេជ្រហ្សាលីន