បណ្ឌិត យ៉ង សាំងកុមារ៖ ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍ប្រាំមួយខែនេះអាចឱ្យលោកសន្និដ្ឋាន បានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលគឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះលោក មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមសមត្ថភាពចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។ លោកពិតជាមានមោទនភាព ដែលអាចក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព។

តាមរយៈសំណេរចំនួនជិតពីរទំព័រឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានរៀបរាប់ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃគម្រប់ប្រាំមួយខែ ដែលខ្ញុំបានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ហើយដែលព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខ តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងរយៈពេលកន្លងមកនេះ ខ្ញុំ ឯកឧត្តម ឡឹក សុធារ និងឯកឧត្តម ខាត់ សុធី ជាសហការី ទទួល បានការផ្តល់តម្លៃ ទំនុកចិត្ត និងការទទួលខុសត្រូវសំខាន់ៗលើវិស័យកសិកម្ម ដូចជាការកសាងប្រព័ន្ធពូជ សុទ្ធនិងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ក ការរៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំស្រូវ រ រៀបចំពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំសាកល្បងចំនួន១០ឃុំ នៅស្រុកជើងព្រៃ និងការដឹកនាំ អភិវឌ្ឍនិងតម្រង់ទិសវិស័យកសិកម្មខេត្តព្រះវិហារ។ ការទទួលខុសត្រូវដ៏ធំធេងលើការដឹកនាំការងារសំខាន់ៗទាំងនេះ គឺវាលើសពីការរំពឹងទុករបស់ខ្ញុំ ហើយវាក៏ខុសពីការគិតរបស់អ្នករិះគន់ចំនួនដែលគិតថា ការចូលរួមជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការៈ និងយសស័ក្តិតែប៉ុណ្ណោះ ហើយថាខ្ញុំនឹងត្រូវបានទុកចោល ដោយមិនមានការងារទទួលខុសត្រូវច្បាស់លាស់។

ឆ្លងកាត់បទពិសោធន៍៦ខែនេះ អាចឱ្យខ្ញុំសន្និដ្ឋានបានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ពីព្រោះខ្ញុំមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាព ដែលអាចក្លាយជាចំណែកមួយ នៃការជួយដោះស្រាយនូវបញ្ហាជាតិ បញ្ហារបស់ប្រជាកសិករ ដើម្បីធានាការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងថែរក្សាសន្តិភាព។

ភាពជោគជ័យនេះអាចកើតមានឡើង ក៏ដោយសារមានការគាំទ្រ និងការផ្តល់តម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្រាប់ពេលវេលាទៅមុខ ខ្ញុំនឹងបន្តដឹកនាំ និងអនុវត្តកម្មវិធីនយោបាយជាយុទ្ធសាស្ត្រសំខាន់ៗដោយផ្តោតលើ៖

១.ការកសាងប្រព័ន្ធពូជ និងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ ដើម្បីលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។

២.ការដាក់ពង្រាយអ្នកសម្របសម្រួលកសិកម្មឃុំ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីឃុំដែលមាន សក្ដានុពលផលិតស្រូវ នៅឆ្នាំទី១។

៣.ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តព្រះវិហារ ដោយធ្វើឱ្យខេត្តនេះ ក្លាយជាខេត្តឈានមុខគ ខាងកសិកម្មសរីរាង្គ ដោយផ្សារភ្ជាប់ជាមួយកសិទេសចរណ៍វប្បធម៌និងធម្មជាតិ។

៤.ការចូលរួមពង្រឹងនិងពង្រីកប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមិនត្រឹមតែកាត់ បន្ថយថ្លៃដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញនិរន្តរភាព និងបង្កើនទំនុកចិត្តនិងភាពប្រកដនិយម ក្នុង ផលិតកម្មស្រូវ និងដំណាំសាកវប្បកម្ម ព្រមទាំងធ្វើឲ្យវិស័យនេះមានសក្តានុពលប្រកួតប្រជែងកាន់តែខ្លាំង។

សំណេរបានបញ្ចប់ដោយការគូសបញ្ជាក់ថា ជារួមតាមឆ្លងតាមបទពិសោធន៍ការងារក្នុងរយៈពេលប្រាំមួយខែនេះ ខ្ញុំនឹងបន្តបេសកកម្មដ៏មានតម្លៃនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលជាក់ ស្តែងកាន់តែច្រើនថែមទៀត ជាពិសេសការដឹកនាំមន្ត្រីសម្របសម្រួលកសិកម្មឃុំ ក្នុងការជួយដោះស្រាយ បញ្ហាទឹក ទុន ទីផ្សារ និងបច្ចេកទេសជូនកសិករ និងគាំទ្រដល់កសិករឱ្យក្លាយជាកម្លាំងចលករ ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ៕ដោយ៖ពលជ័យ

ads banner