ក្រុងសៀងហៃ កត់ត្រាសីតុណ្ហភាពប្រចាំខែឧសភាដ៏ក្ដៅបំផុត មិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍
សៀងហៃ៖ ទីក្រុងសៀងហៃនៃប្រទេសចិន កាលពីថ្ងៃទី២៩ ខែឧសភា បានកត់ត្រាសីតុណ្ហភាពប្រចាំខែឧសភាដ៏ក្ដៅបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំមកនេះ ចំពេលពិភពលោកព្រមានពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។
សេវាឧតុនិយមរបស់ទីក្រុងបានបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo ថា ៖ «នៅម៉ោង ១:៩ នាទី សីតុណ្ហភាពនៅស្ថានីយXujiahui (ស្ថានីយរថភ្លើងក្រោមដីក្រុងសៀងហៃ) បានឡើងដល់ ៣៦,១ អង្សាសេ ដោយបំបែកកំណត់ត្រា ១០០ ឆ្នាំសម្រាប់សីតុណ្ហភាពខ្ពស់បំផុតប្រចាំខែឧសភា» ។
ភ្នាក់ងារឧតុនិយមដដែលបានបន្តថា សីតុណ្ហភាពនៅស្ថានីយដដែល បានឡើងខ្ពស់ជាងនេះ រហូតដល់ ៣៦,៧ អង្សាសេ នៅពេលរសៀល។ កម្រិតនៃសីតុណ្ហភាពនេះ ហក់ឡើងលើសពីកំណត់ត្រាចាស់ គឺ ៣៥,៧ អង្សាសេ ដែលគេកត់ត្រាចំនួន៤ដង នៅឆ្នាំ ១៨៧៦, ១៩០៣, ១៩១៥, និងឆ្នាំ២០១៨។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ការឡើងកម្ដៅនៅក្រុងសៀងហៃនៅថ្ងៃដដែល ក៏ទាក់ទាញការចាប់អារម្មណ៍ពីមហាជន ដែលនាំគ្នានិយាយពីបញ្ហានេះលើបណ្ដាញសង្គម Weibo ផងដែរ ខណៈកម្មវិធីវាស់ស្ទង់សីតុណ្ហភាពលើទូរស័ព្ទផ្សេងៗ បានបង្ហាញថា គេ «មានអារម្មណ៍សីតុណ្ហភាព» ឡើងដល់ជាង ៤០ អង្សាសេ។
គួររំឭកថា អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកម្ដៅផែនដី ដែលជាប្រភពនៃការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យធាតុអាកាសប្រចាំថ្ងៃកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនបានជួបប្រទះនឹងរលកកំដៅ និងសីតុណ្ហភាពហួសហេតុ ដែលឈានដល់កម្រិតកំណត់ត្រាថ្មីនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ផ្នែកខ្លះនៃប្រទេសឥណ្ឌា បានកត់ត្រាសីតុណ្ហភាពហក់ឡើងលើស ៤៤ អង្សាសេ កាលពីពាក់កណ្ដាលខែមេសា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ក្បែរទីក្រុងម៉ុមបៃ។ សីតុណ្ហភាពក្នុងរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដែស បានហក់ឡើងដល់ជាង ៤០ អង្សាសេ ដែលជាកំណត់ត្រាក្ដៅបំផុតមិនធ្លាប់មានរយៈពេល ៦០ ឆ្នាំមកនេះ។
នៅខែមេសាដូចគ្នា សីតុណ្ហភាពនៅទីក្រុង Tak នៃប្រទេសថៃ បានហក់ដល់ ៤៥,៤ អង្សាសេ ខណៈខេត្ត Sainyabuli របស់ឡាវ បានហក់ដល់ ៤២,៩ អង្សាសេ ដែលទាំងអស់នេះ សុទ្ធសឹងតែជាកំណត់ត្រាជាតិមិនធ្លាប់មាន។
របាយការណ៍ថ្មីមួយពីក្រុមអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ បានព្រមានថា ការកើនឡើងនៃកំដៅផែនដី នឹងធ្វើឱ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗ ខណៈស្នើសុំឱ្យពិភពលោករួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួសអាកាសធាតុ។
ជាមួយគ្នានោះ អង្គការសហប្រជាជាតិ ក៏បានព្រមានកាលពីខែឧសភា ផងដែរថា វាស្ទើរតែច្បាស់ហើយថា ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ នឹងក្លាយជារយៈពេល៥ឆ្នាំដ៏ក្ដៅបំផុត មិនធ្លាប់មានក្នុងកំណត់ត្រា ដោយសារតែការរួមបញ្ជូលគ្នានៃឧស្ម័នផ្ទះកញ្ចក់ និងបាតុភូតិ El Nino ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើង៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Shanghai records hottest May day in 100 years