ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន (Video Inside)
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញនូវគោលជំហរគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងក្នុងប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម, លោកហ្សេឡិនស្គី បានថ្លែងបង្ហាញក្តីសង្ឃឹមទៀតថា ប្រទេសកម្ពុជានឹងបន្តជួយបង្វឹកក្រុមអ្នកជំនាញអ៊ុយក្រែន ក្នុងរបៀបដោះមីនបន្តថែមទៀត។ ប្រសាសន៍របស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
លោកហ្សេឡិនស្គី បានថ្លែងថា «ខ្ញុំបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា»។ «ខ្ញុំសូមអរគុណចំពោះជំហរជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែន»។ លោកហ្សេឡិនស្គី បានថ្លែងទៀតថា «ខ្ញុំបានកត់សម្គាល់នូវការជួយបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសកម្ពុជា និងខ្ញុំសង្ឃឹមការបន្តនូវកិច្ចសហប្រតិបត្តិការនេះថែមទៀត»។
ពីប្រទេសកម្ពុជានេះវិញ, ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ នាល្ងាចថ្ងៃទី២៩ឧសភាបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយ ក្នុងការជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។
សម្តេចតេជោបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ»។