សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាចឈានទៅរកការរីកចំរើនបានឡើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាចឈានទៅរកការរីកចំរើនបានឡើយ។ រដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះ នរោត្តម សីហនុ ពីតំណែង គឺជាការចាប់ផ្តើមនៃការបំផ្លាញធនធានមនុស្ស។

សាលារៀនតាមជនបទដែលមានសង្គ្រាម បានរងការដុតឆេះ, សិស្សសាលាមិនបានរៀនសូត្រទៀងទាត់ឡើយ ដោយសារតែការរត់គេចនឹងគ្រាប់ផ្លោង នៃសង្គ្រាមនាពេលនោះ។

ក្រោយមកក្នុងរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបខ្មែរក្រហមកាប់សម្លាប់មនុស្ស, ធនធានមនុស្ស កាន់តែត្រូវបានរលាយថែមទៀត។ របបដឹកនាំខ្មែរក្រហម រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បានបំបាត់ការសិក្សានៅគ្រប់ថ្នាក់, សាលារៀនបានក្លាយជាកន្លែងឃុំឃាំងដាក់អ្នកទោស, សាស្ត្រាចារ្យ, និស្សិត និងបញ្ញវ័ន្ត បានក្លាយជាមុខព្រួញ នៃការកម្ទេចចោលរបស់របបអង្គការស្លៀកខោអាវខ្មៅ។ បើគ្មានគណបក្សប្រជាជនកម្ពុជាដែលបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ធ្វើការរំដោះប្រទេសបានទាន់ពេលវេលានោះទេ, កម្ពុជាម្ល៉េះ មិនដឹងក្លាយជាយ៉ាងណាឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ បានថ្លែងថា ប្រទេសដែលគ្មានធនធានមនុស្ស គឺជាប្រទេសមិនអាច ឈានទៅរកការរីកចំរើនបានឡើយ។

វិស័យអប់រំរបស់កម្ពុជា បានស្ទុះឡើងមកវិញបន្ទាប់ពីប្រទេសជាតិបានអស់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជាលែងមានចម្បាំងរាំងជល់, ប្រទេសទាំងមូលទទួលបានឯកភាពទឹកដី និងទទួលបានសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ វិស័យអប់រំ បានធ្វើដំណើរទៅមុខខណៈដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវទិសដៅកែទម្រង់។

សម្តេចតេជោ សែន ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តទស្សនកិច្ចបណ្តាខេត្តទូទាំងប្រទេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ រហូតដល់ដើមឆ្នាំ២០១៧ បានផ្ដល់អគារសិក្សាថ្មី ស្រឡាងចំនួន៣៦៨ខ្នង ស្មើនឹង៤ពាន់១៩៤បន្ទប់…សម្តេចបានជួយការជួសជុលអគារសិក្សា ចំនួន២៧ខ្នង ស្មើនឹង១០១បន្ទប់…សម្តេចបានជួយធ្វើសំណង់សាលប្រជុំជាច្រើនខ្នង, ធ្វើសំណង់សម្រាប់ផ្ទះគ្រូ និងសំណង់ជាច្រើនទៀតដើម្បីជម្រុញវិស័យអប់រំក្នុងប្រទេស។

សម្តេចតេជោបានថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថា សម្តេចនៅតែបន្តជម្រុញវិស័យសិក្សាធិការអប់រំរបស់កម្ពុជាដែលជាគន្លឹះ នៃការនាំប្រទេសអភិវឌ្ឍន៍។

កម្មវិធីអប់រំរបស់កម្ពុជា ក្រោយមកត្រូវបានកែទម្រង់បញ្ចូលបន្ថែមទៀត ដើម្បីដើរទាន់សម័យបច្ចេកវិទ្យាឌីជីថលទំនើប តាមគោលនយោបាយដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន។

បច្ចុប្បន្ន គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១ម៉ឺន៨ពាន់ ៤៣០គ្រឹះស្ថាន, ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣,០៨៣កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៦៨១ និងគ្រឹះស្ថានសិក្សាឯកជន ១,៦៦៦។

ads banner